បណ្តាញសង្គម

កាល​មិន​ទាន់​ស្រា​ចូលខ្លួន ម្នាក់​ៗ​ជា​មិត្ត​នឹង​គ្នា​…​ លុះ​ស្រវឹង​ប្រែជា​សត្រូវ​ស៊ីសាច់​គ្នា

រាជធានីភ្នំពេញ ៖ បុរស២នាក់ជាសម្លាញ់នឹងគ្នារាប់អានគ្នាជាបងប្អូន លុះផឹកស៊ីជុំគ្នាស្រវឹងរៀងៗខ្លួន ក៏ប្រកាន់គ្នារឿងហៅ «អា» និងរឿងចែកលុយគ្នារឿងដោះស្រាយរថយន្តអត់ពន្ធ រហូតឈានដល់ទាស់សម្តីឈ្លោះគ្នាផ្អើលពេញក្នុងហាងផឹកស៊ី ព្រមទាំងដកកាំភ្លើងគំរាមគ្នាទៀត ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ តុលា នៅផ្លូវមាត់ទន្លេអូតែលសុខា កែងនឹងផ្លូវបេតុង ទល់មុខហាងផឹកស៊ីយីហោ«ប្អូនស្រី4141» សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ។

ភាគីដែលឈ្លោះប្រកែកគ្នា រវាងបុរសម្នាក់ឈ្មោះ ម៉ៅ បានឈ្លោះគ្នា ជាមួយបុរស២នាក់ទៀត ឈ្មោះ ណេង និងម្នាក់ទៀតឈ្មោះរក្ស ដែលពួកគាត់អះអាងថា សុទ្ធតែជាកងកម្លាំងដូចគ្នា និងត្រូវជាមិត្តភក្តិទៀតផង ។

តាមប្រភពព័ត៌មានពីបុរសឈ្មោះម៉ៅបាននិយាយប្រាប់អោយដឹងថា មុនកើតហេតុ គឺពួកគាត់កំពុងអង្គុយហូបចុកសប្បាយជាមួយមិត្តភក្តិបងប្អូនគាត់នៅហាងកើតហេតុខាងលើ ។ លុះស្រវឹងក៏លេចមុខបុរសឈ្មោះណេង និងឈ្មោះរក្ស រួមទាំងមេបញ្ជាការរងប៉េអឹមខណ្ឌជ្រោយចង្វាម្នាក់ទៀតជិះរថយន្ដមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2X-3130 មកឈប់នៅមុខហាង ។ មិត្តភក្តិទាំងបីនាក់នេះ ទើបនឹងចេញពីហូបចុកនៅហាងមួយកន្លែងនៅម្តុំជិតស្ពានជ្រោយចង្វារ ក៏អង្គុយហូបចុកជុំគ្នាធម្មតា។

ប្រភពដដែលបន្តទៀតថា មួយសន្ទុះក្រោយ ស្រាប់តែបុរសឈ្មោះណេងបាននិយាយថា បុរសឈ្មោះ ម៉ៅ លួចហៅគាត់អាពីក្រោយខ្នង និងរំលឹករឿងចែកលុយគ្នាករណីដោះស្រាយរឿងរថយន្តអត់ពន្ធឲ្យគេ ដោយចែកគ្នាបានម្នាក់៩០០ដុល្លារ មានមេបញ្ជារការងអាវុធហត្ថខណ្ឌជ្រោយចង្វារជួយធ្វើជាសាក្សីអោយខាងបុរសឈ្មោះណេង មោងឈ្មោះរក្សទៀត ធ្វើអោយគាត់ខឹងយ៉ាងខ្លាំង ក៏ប្រកែកថា មិនបាននិយាយទេ ទើបប៉ះទង្គិចពាក្យសម្តីគ្នា រហូតដល់មានការប្រតាយប្រតប់គ្នា បោកកែវគម្រាម និងទាញកៅអីរកវាយគ្នា រហូតដល់ចង់ដកអាវុធបាញ់គ្នាទៀតផង បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ ។

ខណៈពេលដែលកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វាចុះទៅដល់កន្លែងកើតហេតុ ភាគីខាងរថយន្តTUNDRA ក៏បានបើករថយន្តចេញទៅបាត់ នៅសល់តែភាគីបុរសឈ្មោះ ម៉ៅ បានបើករថយន្តចេញទៅដែរ ទៅដល់ផ្លូវកែវចិន្តា ជិតនឹងអូតែលសុខា ស្រាប់តែភាគីទាំងពីរឈប់ឈ្លោះគ្នាម្តងទៀត កាន់តែខ្លាំងជាងមុនបម្រុងនឹងដកកាំភ្កើងបាញ់គ្នាទៀត ដោយចោទប្រកាន់ថា «បើករថយន្តកៀរគ្នា» ។

ប្រភពព័ត៌មានឲ្យដឹងថា ដើមហេតុដែលបង្កអោយមានជម្លោះនេះកើតឡើងគឺដោយសារតែខឹងរឿងហៅអា តែរឿងវាមិនមែនជារឿងធំដុំនោះទេ រឿងដែលធ្វើអោយបុរសឈ្មោះម៉ៅ ខឹងខ្លាំងបែបនេះគឺមានរឿងផ្សេងទៀតនៅពីក្រោយរឿងហៅគ្មា អាម៉ឹង គឺរឿងដោះស្រាយរថយន្តអត់ពន្ធ អោយបុរសឈ្មោះ ណេង ដែលពឹងពាក់គាត់អោយជួយដោះស្រាយអោយរថយន្តគេផ្សេង បានសម្រេចបានលុយចែកគ្នា3នាក់ ម្នាក់900ដុល្លារ ត្រង់ចំនុចនេះគឺមានរឿងលាក់បាំងច្រើន) ដែលគាត់មិនបានបញ្ជាក់អោយច្បាស់ទេ នឹងមានរឿងគុំគ្នាលាក់ក្នុងចិត្តជាច្រើនរឿងទៀត ទើបពេលស្រវឹង មានអ្នករំលឹក ក៏កើតជាជម្លោះតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុហើយបាន អោយភាគីទាំងពីរ មកដោយស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ភាគីខាងបុរសឈ្មោះណេង បានបើករថយន្តTUNDRA ខ្លួនមកប៉ុស្តិ៍នគរបាលចំណែកភាគីខាងបុរសឈ្មោះ ម៉ៅ បានបើករថយន្តគេចខ្លួនបាត់ ៕

ដកស្រង់ពិ៖កោះសន្តិភាព