បណ្តាញសង្គម

មានលុយ ១០០ដុល្លារ ចូលច្រៀងខារ៉ាអូខេ ពេលគិតលុយអស់ ២៧៨ដុល្លារ រត់ចោលម៉ូតូ ២គ្រឿង

ភ្នំពេញ៖ បុរស ៥នាក់ បាននាំគ្នាចូលទៅផឹកស៊ី និងច្រៀងខារ៉ាអូខេ កំសាន្តលេង លុះពេលផឹកស៊ី និង ច្រៀងរួច ឲ្យគេគិតលុយអស់ចំនួន ២៧៨ដុល្លារ ពេលនោះ ពួកគេមានលុយតែ ១០០ដុល្លារប៉ុណ្ណោះ ទើបម្ចាស់ហាងខារ៉ាអូខេ ហៅនគរបាល ទៅនាំខ្លួន យកមកសាកសួរ ប៉ុន្តែ ជនបង្កនាំគ្នា រត់គេចខ្លួន ចោលម៉ូតូ ២ គ្រឿង ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ១ និង១០នាទីយប់ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៤ នៅហាងខារ៉ាអូខេយីហោ កូនប្រសារស្រី ៣ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។

តាមប្រភពព័ត៌មាន ពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនបង្កមានគ្នា ៥នាក់ បាននាំគ្នា ចូលផឹកស៊ី និងច្រៀងខារ៉ាអូខេ ចាប់តាំងពីវេលាម៉ោង ៨យប់ រហូតដល់ម៉ោង កើតហេតុ ដោយសារតែ ស្រវឹងជោកជាំពេក ក៏បណ្តាលឲ្យរបូតដៃ ធ្លាក់ក្បាលមេក្រូហ្វូន ពេលនោះ មេការមើលខុសត្រូវ នៅក្នុង បន្ទប់នោះ បានស្តីឲ្យ ធ្វើឲ្យក្រុមបង្ក មានចរិតខឹង និងឌឺដាក់មេការ ដោយទម្លាក់ ក្បាលមេក្រូហ្វូនម្តង ទៀត បណ្តាលឲ្យខូច ក្បាលមេក្រូហ្វូននោះ ច្រៀងលែងកើត ទើបបង្កឲ្យមានទំនាស់ ពាក្យសំដីគ្នា យ៉ាង ខ្លាំង ក្រោយមកទើបក្រុមជនបង្ក ឲ្យគេគិតលុយ ដោយអស់សរុបចំនួន ២៧៨ ដុល្លារ ដោយសរុប ទាំង ថ្លៃបំផ្លាញក្បាលមេក្រូហ្វូន ចំនួន ១៨០ ដុល្លារ ។ ចំណែកឯក្រុមជនបង្កវិញ គឺមានតែ១០០ ដុល្លារ ប៉ុណ្ណោះ បណ្តាលឲ្យជជែកគ្នាម្តងទៀត ក្រោយមកទើបម្ចាស់ហាង ហៅនគរបាលឲ្យទៅនាំខ្លួន ក្រុម ជនបង្កមក ធ្វើការសាកសួរ ប៉ុន្តែជនបង្កបានឲ្យ នគរបាល ជិះម៉ូតូពួកគេចំនួន ២គ្រឿង មក ដោយពួកគេ ជិះ មកពីក្រោយ លុះពេលនគរបាល ជិះម៉ូតូពួកគេមក ជនបង្កបែរជានាំគ្នា ជិះម៉ូតូគេចខ្លួនបាត់អស់ ។

នគបាលបានបញ្ជាក់ថា ម៉ូតូដែលឃាត់បាននោះ ១ គ្រឿង ម៉ាកស្កុបពី និង១គ្រឿងទៀតម៉ាកវីវ៉ា ហើយ បច្ចុប្បន្នត្រូវរក្សាទុក នៅប៉ុស្ដិ៍ដើម្បី រង់ចាំជនបង្កទាំងនោះ ចូលខ្លួនមកដោះស្រាយគ្នា ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល