បណ្តាញសង្គម

ផ្អើលព្រលាន! ស្ត្រី២នាក់បំរុងនាំជាង​២៧គីឡូក្រាម​ឡើងយន្តហោះ​

ខេត្តសៀមរាប ៖ តាមប្រភពពីមន្ត្រីជំនាញនៅក្នុងព្រលានយន្តហោះខេត្តសៀមរាបបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញនៅព្រលានយន្តហោះអន្តរជាតិសៀមរាប បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់ជាង២៧គីឡូក្រាមនៅក្នុងកាបូបរបស់ស្ត្រីជនជាតិថៃចំនួន២នាក់ ហើយក៏ធ្វើការឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិសៀមរាបភ្លាមៗផងដែរ ខណ:ជនសង្ស័យទាំង២នាក់បំរុងនាំគ្រឿងញៀនទាំងនោះឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសហ្វ៊ីលីពីន ។

ហេតុការណ៍ឆែកឆេររកឃើញគ្រឿងញៀនខាងលើបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចស្ថានីយចេញដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ស្ថិតនៅក្រុងសៀមរាប ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រឿងញៀនទម្ងន់ជាង២៧គីឡូក្រាមខាងលើនេះបានរកឃើញនៅក្នុងកាបូបរបស់ជនសង្ស័យជាអ្នកដំណើរចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រី អាយុ៣៧ឆ្នាំ ជាជនជាតិថៃ និងម្នាក់ទៀតឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិថៃ ។

ជនសង្ស័យជាជនជាតិថៃទាំងពីរនាក់នេះមានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ។បើតាមប្រភពពីអ្នកជំនាញនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបបានប្រាប់ថា ថ្នាំញៀនដែលឆែកឆេររកឃើញខាងលើនេះ ជាប្រភេទមេតំហ្វេតាមីន ។

ទោះបីជាយ៉ាងណា ត្រូវបានគេសង្ស័យថា ករណីខាងលើនេះអាចជាប់ពាក់ព័ន្ធជាមួយក្រុមជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅខេត្តកំពង់ធំកាលពីពេលថ្មីៗកន្លងទៅ ដោយក្នុងនោះក៏មានបុរសជាជនជាតិថៃម្នាក់ផងដែរ ។

បច្ចុប្បន្ន ស្ត្រីជនសង្ស័យជាជនជាតិថៃទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព