បណ្តាញសង្គម

បញ្ជូន​ជនសង្ស័យ​ជា​ឃាតករ​បាញ់​សម្លាប់​បងថ្លៃ​ទៅ​តុលាការ​ហើយ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យជាឃាតករបាញ់សម្លាប់បងថ្លៃ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយករណីនេះមានជាប់ពាក់ព័ន្ធនឹងគំនុំរយៈពេលជាង១០ឆ្នាំកន្លងមក ។

គួររំលឹកថា ករណីបាញ់ប្រហារបងថ្លៃ…ផ្តើមពីហៅផឹក តែប្រកែកអត់ផឹកជនសង្ស័យឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះនៅផ្ទះលេខ៧៧H ផ្លូវលេខ២៧១ ភូមិ១២ សង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះ ជួប រតនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាគ្រូបង្រៀននៅវិទ្យាល័យពងទឹក នឹងមានអាសយដ្ឋានស្នាក់នៅម្តុំវត្តស្លែង ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។គួររំលឹកថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យបានប្រើកាំភ្លើងខ្លីម៉ាកk៥៩ បាញ់ប្រហារទៅលើជនរងគ្រោះជាបងថ្លៃដែលកំពុងដេកលើគ្រែចំនួន៤គ្រាប់ តែផ្ទុះ៣គ្រាប់ បណ្តាលឱ្យត្រូវចំក្បាលស្លាប់ភ្លាមៗ រួចជនសង្ស័យបានបោះកាំភ្លើងចោល ហើយម៉ូតូជិះចេញទៅបាត់ ។

បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូចូលទៅសារភាពនៅនគរបាលប៉ុស្តិ៍ទឹកល្អក់៣ ខណ្ឌទួលគោកវិញ ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះដែលជាត្រូវជាបងថ្លៃរបស់ខ្លួនបានធ្វើដំណើរទៅមើលម្តាយដែលកំពុងមានជំងឺនៅផ្ទះ ពេលនោះខ្លួនបានទៅទិញស្រាមកផឹក ហើយក៍បានហៅបងថ្លៃឲ្យផឹកដែរ ព្រមទាំងបានយកស្រាបៀរហុចទៅឱ្យបងថ្លៃទៀតផង តែបងថ្លៃមិនទទួល ទើបខ្លួនខឹងក៏ដកកាំភ្លើងខ្លីបាញ់ប្រហារតែម្តងទៅ ។

តាមប្រភពពីសាក្សីពីស្ត្រីម្នាក់ដែលត្រូវជាបងថ្លៃរបស់ជនសង្ស័យបានបំភ្លឺថា កន្លងមកជនសង្ស័យជាប្អូនថ្លៃម្នាក់នោះជាមនុស្សរស់នៅមិនចុះសម្រុងក្នុងក្រុមគ្រួសារទេ ហើយតែងតែបង្កទំនាស់រករឿង និងធ្លាប់គំរាមសម្លាប់ម្តាយក្មេកទៀតផង ។

មិនតែប៉ុណ្ណោះកាលពីប្រមាណ៤ថ្ងៃមុន ជនសង្ស័យបានសរសេរលើក្រដាសគំរាម ដែលមានខ្លឹមសារថា «ធ្វើអីមិនចេះថ្នមដៃប្រយ័ត្នបែកក្បាល» ហើយក្រដាសនេះត្រូវបានជនសង្ស័យយកមកបិទលើជញ្ជាំងផ្ទះជាច្រើនផ្ទាំង តែពុំមានអ្នកណាចាប់អាម្មរណ៍ និងមិននឹកស្មានថា ជនសង្ស័យធ្វើបែបនេះសោះ ។

សំណុំរឿងនេះបាននឹងកំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការសាកសួរនៅឡើយទេ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចចោទប្រកាន់ជនសង្ស័យមិនទាន់ជាផ្លូវការពីបទឃាតកម្មគិតទុកជាមុន ដោយសង្ស័យមានគំនុំជាមួយជនរងគ្រោះជាច្រើនឆ្នាំមកហើយ ។

បើការចោទប្រកាន់បទល្មើសឃាតកម្មគិតទុកជាមុននោះមែន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ តម្រូវផ្តន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារអស់មួយជីវិត ៕

ដកស្រង់ពី៖កោះសន្តិភាព