បណ្តាញសង្គម

ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវ​ភេទ​​២​កន្លែង ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទចំនួន២ទីតាំងជាប់គ្នា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្បែរនឹងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការចុះបង្ក្រាបខាងលើនេះ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន និងមានការដឹកនាំនីតិវិធីច្បាប់ដោយលោកស្រីស៊ឺ វណ្ណី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។

ជាលទ្ធផលនៃការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប៧នាក់ ក្នុងនោះ៥នាក់ជាជនរងគ្រោះដែលមានតួនាទីសម្រាប់បម្រើសេវាផ្លូវភេទដល់ភ្ញៀវ និងស្ត្រី២នាក់ផ្សេងទៀតជាម្ចាស់ទីតាំងម៉ាស្សាទាំង២ខាងលើ ដែលជាជនជាតិវៀតណាម ។

ក្រោយការឃាត់ខ្លួនមនុស្សទាំង៧នាក់ ត្រូវបញ្ចូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីរង់ចាំចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ជុំវិញការចុះបង្ក្រាបខាងលើនេះដែរ ពុំមានប្រភព ឬការអះអាងបញ្ជាក់ពីមន្ត្រីនគរបាលណាមួយអំពីដំណើរការនៃការចុះបង្ក្រាបនោះឡើយ គ្រាន់តែដឹងថា សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនធំ ក្នុងនោះមានស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើជាដើម នៅក្នុងទីតាំងខាងលើ ៕

ដកស្រង់ពី៖កោះសន្តិភាព