បណ្តាញសង្គម

ចោរ​កំពូល​ស៊យ​លួច​បាន​ឡើង​ស្អាត​តែ​ចង្រៃ​អី​ជិះ​មិនកើត

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ជាងផ្សាដែកប៉ុន្តែក្រោយលួចបានជិះមិនកើតបាននាំគ្នាអូសគេចខ្លួនចៃដន្យបានជួបកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកកំពុងល្បាត ខណៈនោះក៏ត្រូវបាននគរបាលឃាត់ឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោរម៉ូតូនៅជាប់ខ្លួនព្រមទាំងកន្ត្រៃកាត់ដែកផងដែរ ហើយពេលសួរនាំទើបដឹងថា ជន២នាក់នេះគឺជាចោរហើយម៉ូតូដែលកំពុងអូសនោះគឺទើបតែលួចបានថ្មីៗ ។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះជួលស្ថិតនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះ សុខ វាសនា អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ហន វិឆៃ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្ទឹងត្រែង 1A-0279 មានលេខតួ និងលេខម៉ាស៊ីន8061982 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ វ៉ន អ៊ូក អាយុ២៥ឆ្នាំ មុខរបរជាងផ្សាដែក មានទីលំនៅក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែតុលា ម្ចាស់ម៉ូតូបានទុកម៉ូតូម៉ាកហុងដាសេ១២៥ របស់ខ្លួននៅខាងមុខបន្ទប់ជួល ដោយមិនបានចាក់សោរ.កនោះទេបន្ទាប់មកក៏បានចូលទៅដេកនៅក្នុងបន្ទប់ជួលលង់លក់ដោយមិនដឹងខ្លួន ។

លុះដល់វេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចយកម៉ូតូខាងលើបានសម្រេចរួចបានអូសសំដៅទៅកាន់ផ្លូវជាតិលេខ៣ លុះពេលទៅដល់ត្រង់ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានជួបកម្លាំងនគរបាលប៉ុស្តិ៍ពងទឹកកំពុងល្បាតតាមផ្លូវហើយកម្លាំងនគរបាលហៅឲ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួន ។

លុះពេលធ្វើការសាកសួរជនសង្ស័យទាំង២នាក់បានប្រាប់ថា ម៉ូតូដែលពួកខ្លួនកំពុងអូសនោះ គឺទើបលួចបានថ្មីៗបន្ទាប់ពីបានឮការសារភាពបែបនេះទើបកម្លាំងធ្វើការចាប់ខ្លួននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព