បណ្តាញសង្គម

ទើបតែ​ចេញ​សោះ​! ស្រែ​កថា «​ប៉ូលិស​ណា​ក៏​អញ​មិន​ខ្លាច​ដែរ​» ចូល​វិញ​ម្តងទៀត

ខេត្តកណ្តាល ៖ ជនសង្សយ័ម្នាក់ទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀននៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យស្រែកគំរាម និងយកពូថៅបំរុងកាប់មិត្តភក្តិម្នាក់ជាមន្ត្រីនគរបាល ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជនរងគ្រោះឈ្មោះ ហែម វិជ្ជា ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាល ។

ចំណែកជនសង្ស័យឈ្មោះ ញឹម ពន្លក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ ។នគរបាលស្រុកខ្សាច់កណ្តាលបានអោយដឹងថា ជនសង្ស័យធ្លាប់ចូលមណ្ឌលបន្សាបគ្រឿង ញៀននៅរាជធានីភ្នំពេញម្តងរួចមកហើយ ។ កន្លងមកជនរងគ្រោះរាប់អានគ្នាជាមួយជនសង្ស័យ ហើយជនសង្ស័យក៏ធ្លាប់ចេញ-ចូលហូបបាយនៅផ្ទះជនរងគ្រោះទៀតផង។ តាមប្រភពដដែលបានបន្តថា រហូតដល់វេលាថ្ងៃកើតហេតុ ខណៈជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែឃើញជនសង្ស័យដើរចូលទៅក្នុងផ្ទះជនរងគ្រោះ ហើយស្រែកឡូឡាថា «អញគុំយូរហើយ» ។

បន្ទាប់មកជនសង្ស័យយកកាំបិតបុ័ងតោរបស់ជនរងគ្រោះគប់ចេញទៅក្រៅផ្ទះ រួចក៏កើតមានទំនាស់ពាក្យសំដី ហើយក៏មានការប្រតាយប្រតប់គ្នាផងដែរ ភ្លាមនោះ ឈ្មោះផាន ធី ចូលទៅឃាត់ និងចាប់បែកចេញពីគ្នា ។

តាមប្រភពដដែលបានបន្តទៀតថា លុះបានបន្តិចក្រោយមក ជនសង្ស័យដើរត្រឡប់មកផ្ទះជនរងគ្រោះវិញដោយយកពូថៅសៀតចង្កេះ បន្ទាប់មកជនសង្ស័យក៏ដកពូថៅពីចង្កេះគំរាមជនរងគ្រោះថា «ប៉ូលិសណាក៏អញមិនខ្លាចដែរ» ។ ពេលឃើញដូច្នេះ ទើបជនរងគ្រោះទូរស័ព្ទបាប់មេប៉ុស្តិ៍ឲ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព