បណ្តាញសង្គម

ខឹងខ្ចីលុយ​៣ពាន់​ដុល្លារ​មិនសង ចាប់បង្ខាំងទុក​ឱ្យ​​សាច់ញាតិ​មកលោះ​

ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងសមត្ថកិច្ចក្រុបាវិតចាប់ឃាត់ខ្លួនពីបទបង្ខាំងមនុស្សទុកជំរិតទារប្រាក់ ខណៈដែលជនរងគ្រោះជាជនជាតិវៀតណាមដូចគ្នាបានខ្ចីលុយជនសង្ស័យចំនួន៣.០០០ដុល្លារយកទៅលេងល្បែង ហើយចាញ់អស់គ្មានលុយសង ទើបជនសង្ស័យចាប់បង្ខំជនរងគ្រោះ ដើម្បីឱ្យសាច់ញាតិមកលោះ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ២១១៥ សណ្ឋាគារកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះវ៉ូ ថាន់ទុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបររ៉ូលីញ មានទីលំនៅឃុំឡើយហឹង ស្រុកមីឌឹក ទីក្រុងហាណូយ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ(C8085133) បានចាប់បង្ខាំងជនរងគ្រោះឈ្មោះង្វៀង យ៊ាំងងារ ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិថិនហុង ឃុំថិនដៀង ស្រុកចូវថាន់ ខេត្តតៃនិញ គ្មានលិខិតឆ្លងដែន។

តាមប្រភពព័ត៌មានបានបន្តទៀតថា មូលហេតុគឺជនរងគ្រោះបានខ្ចីប្រាក់ចំនួន៣.០០០ដុល្លារពីជនសង្ស័យ រួចយកទៅលេងល្បែងចាញ់អស់ ហើយគ្មានប្រាក់សង ទើបជនសង្ស័យចាប់បង្ខាំងទុកអោយសាច់ញាតិមកលោះ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព