បណ្តាញសង្គម

ចាប់វាយខ្នោះ មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ក្រោយបាញ់រះ ជាច្រើនគ្រាប់ ខូចរថយន្តមួយគ្រឿង និងរបួសស្រ្តីម្នាក់

ភ្នំពេញ៖ មន្រ្តីនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន ក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំង នគរបាល មូលដ្ឋានប៉ុស្តិ៍បឹងកេងកងទី៣ ខណ្ឌចំការមន ចាប់វាយខ្នោះ ភ្លាមៗ ក្រោយពីមន្រ្តី នគរបាលរូបនេះ បានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យ ខូចខាត រថយន្ត RAV4 មួយគ្រឿង (ធ្លុះកញ្ចក់ពីក្រោយ) និងរងរបួសស្រ្តីម្នាក់ នៅក្នុងរថយន្ត។

ហេតុការណ៍ បាញ់ប្រហារ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៧យប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវលេខ៩៥ ក្រោយអតីត ក្រុមហ៊ុន Mfone សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលការបាញ់ ប្រហារនេះ បណ្តាលមក ពីជនបង្ក ដែលជាមន្រ្តីនគរបាល មានភាពស្រវឹង និងជួបគ្រោះថ្នាក់ ចរាចរណ៍ បន្តិចបន្តួច ។

ស្នងការរងនគរបាល រាជធានីភ្នំពេញ និងប្រធានការិយាល័យ កណ្តាលយុត្តិធម៌ លោក ឧត្តមសេនីយ៍ផ្កាយ១ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានការបាញ់ ប្រហារខាងលើនេះ និងដឹងថា ជនបង្កជា មន្រ្តីនគរបាលនោះ អគ្គស្នងការនគរបាលជាតិ នាយ ឧត្តមសេនីយ៍ នេត សាវឿន និងស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឲ្យ ចាប់វាយខ្នោះ ជនបង្ករូបនេះ ដើម្បីយកទៅ ចាត់ការតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបន្តទៀតថា មន្រ្តីនគរបាល រូបនេះមានឈ្មោះ ធូ សុភ័ក្រ អាយុ៣២ឆ្នាំ ពាក់ស័ក្តិ២ បម្រើការងារ នៅការិយាល័យទី៤ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ក្នុងហេតុ ការណ៍បាញ់ ប្រហារខាងលើនេះ បានបណ្តាលឲ្យ ខូចខាតរថយន្ត RAV4 មួយគ្រឿង ដោយបែកកញ្ចក់ ពីខាងក្រោយ និងរងរបួស ស្រ្តីម្នាក់ចំកញ្ចឹងក ដែលជិះនៅក្នុងរថយន្ត ។

បើតាម លោក ជួន ណារិន្ទ ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោក បញ្ជូនខ្លួនទៅឃុំ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់។ មន្រ្តីនគរបាល ព្រហ្មទណ្ឌ បានឲ្យ ដឹងថា ការបាញ់ប្រហារខាងលើនេះ សង្ស័យជនសង្ស័យខឹងការស្ទះចរាចរណ៍ និងជួបគ្រោះថ្នាក់ ចរាចរណ៍បន្តិចបន្តួច ហើយក៏បាញ់ រះតែម្តង។ ក្រោយការឃាត់ខ្លួន កម្លាំងនគរបាល បានដកហួតម៉ូតូ មួយគ្រឿងផងដែរ ពាក់ស្លាកលេខ នគរបាល៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល