បណ្តាញសង្គម

ពិតជា​ចម្លែក​មែន​…​នេះ​ហើយ​ទីតាំង​កាប់​សាច់​ម៉ូតូ​ចោរ

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចបានរកឃើញ និងបង្ក្រាបទីតាំងកាប់សាច់ម៉ូតូមួយកន្លែងដែលសង្ស័យជាទីតាំងសង្គមងងឹតឃុបឃិតទទួលផលចោរកម្មដ៏ធំមួយ ដោយធ្វើការឆែកឆេរនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ដែលម្ចាស់ផ្ទះឈ្មោះ កង ទី ភេទប្រុស នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ។

ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ កង ទី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ។២-ឈ្មោះ អាត លាភ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។៣-ឈ្មោះ វុទ្ធី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៤-ឈ្មោះ ចាន់ សុខលី ហៅជ័យ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ការបង្ក្រាបទីតាំងកាប់សាច់ម៉ូតូនេះគឺអនុវត្តតាមបទបញ្ជាពីលោកស្នងការនគរបាលខេត្ត និងលោកស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងមានការចូលរួមពីសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាឃុំម្កាក់ លោកនាយប៉ុស្តិ៍ម្កាក់ លោកមេភូមិរំដេញ ។

ការឆែកឆេររកឃើញម៉ូតូ៧គ្រឿង ក្នុងនោះម៉ាកសង់៣គ្រឿង គុប១គ្រឿង ស៊ុយហ្សុ៊យគីនិច១គ្រឿង សង់កូរ៉េ១គ្រឿង យ៉ាម៉ាហា១គ្រឿង តួម៉ូតូចំនួន៦គ្រឿង ស្លាកលេខម៉ូតូចំនួន៥ គ្រឿងស្ពាន់១ឡាំង ទូរស័ព្វ៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ថ្នាំញៀនចំនួន៥កញ្ចប់មធ្យម និងសម្ភារសម្រាប់ជក់មួយចំនួនទៀត ព្រមទាំងគ្រឿងម៉ូតូដែលកាប់សាច់អាចដឹកជញ្ជូនមួយឡានពេញទើបអស់ ។

មិនដឹងជាម៉ូតូប៉ុន្មានសិបគ្រឿងទេ ដែលចោរកាប់សាច់ចិញ្ច្រាំឡើងហ្មត់ទុកលក់រាយជាគ្រឿងបន្លាស់ ។មន្ត្រីប៉ូលិសបានឱ្យដឹងថា តាមរយៈមេខ្លោងចោរប្លន់ដែលជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ បានសារភាពថា បក្សពួកខ្លួនពេលប្លន់បានយកម៉ូតូមកលាក់កាប់សាច់នៅផ្ទះឈ្មោះ កង ទី ទើបមានការលាតសន្ធឹងដែនសមត្ថកិច្ចដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ដល់នគរបាលខេត្ត កំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព