បណ្តាញសង្គម

ចិន​ញៀន​ថ្នាំ​បាញ់​2​គ្រាប់…ផ្អើលប៉ូលិស​ចាប់​​

ខេត្តព្រះសីហនុ ៖ ករណីផ្ទុះអាវុធមួយបានបង្កឡើងដោយជនជាតិចិន នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២ វិច្ឆិកា ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ឱ្យដឹងថា ករណីផ្ទុះអាវុធនេះបានកើតឡើង ដោយជនជាតិចិន នៅចំណុចផ្លូវបេតុងជាប់របងអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែកើតហេតុ ឃើញជនសង្ស័យជាជនជាតិចិន២នាក់ ម្នាក់ឈ្មោះ LANG XIAO DONG ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនក៏គ្មាន និងម្នាក់ទៀតឈ្មោះ CHEN GUO ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរតុបតែងផ្ទះ លិខិតឆ្លងដែនក៏គ្មាន ។

សមត្ថកិច្ចជំនាញបានធ្វើការឆែកខ្លួនពួកគេបានរកឃើញគ្រាប់កាំភ្លើងចំនួន៤០គ្រាប់ នៅក្នុងហោប៉ៅខោរបស់ឈ្មោះ LANG XIAO DONG ព្រមទាំងរកឃើញម្សៅពណ៌ស១កញ្ចប់ធំ និងថ្នាំញៀនយ៉ាម៉ាអក្សរ(WY) ចំនួន៦កញ្ចប់ នៅក្នុងកាបូបស្ពាយចំហៀងមួយ ដែលជនសង្ស័យឈ្មោះ LANG XIAO DONG កំពុងកាន់ជាប់នឹងដៃ ក៏ឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង ។

បន្ទាប់ពីការសាកសួរជនសង្ស័យទាំង២នាក់រួចមកបានសារភាពថា ជនដៃដល់ដែលប្រើកាំភ្លើងបាញ់បោះមានឈ្មោះ CHENG XINHAI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EC9816583 ស្នាក់នៅកន្លែងកើតហេតុ តែបានរត់គេចខ្លួនបាត់ ព្រមទាំងយកវត្ថុតាងកាំភ្លើងទៅ ជាមួយផង ។

វត្ថុតាងដកហូតបានមានគ្រាប់កាំភ្លើងប្រភេទ៩mm ចំនួន៤០គ្រាប់ សម្បកគ្រាប់ប្រភេទ៩mm មួយគ្រាប់ ក្បាលគ្រាប់ដែលបាញ់ចេញ១គ្រាប់ កាបូបស្ពាយចំហៀងមួយពណ៌ខ្មៅ ម្សៅពណ៌ស១កញ្ចប់ធំ (សង្ស័យជាគ្រឿងញៀន) ថ្នាំគ្រាប់ប្រភេទ WY ចំនួន៦កញ្ចប់ ស្មើនឹង១,១៨៨គ្រាប់ (សង្ស័យជាគ្រឿងញៀន) ។

ករណីនេះកើតឡើងដោយសារនៅពេលកើតហេតុ ជនសង្ស័យដែលជាជនដៃដល់ឈ្មោះ CHENG XINHAI បានប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ ពេលនោះប្រពន្ធបានមកឃើញក៏មានការឈ្លោះប្រកែកគ្នា និងបានវាយប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យក៏បានទៅយកកាំភ្លើងខ្លី បាញ់អស់៣គ្រាប់ នៅក្នុងផ្ទះរួចបានគេចខ្លួនបាត់ ។

ចំណែកឯជនសង្ស័យឈ្មោះ LANG XIAO DONG និងឈ្មោះ CHEN GUO ជាអ្នកទុកគ្រាប់កាំភ្លើង និងកាបូបស្ពាយចំហៀងដែលមានសារធាតុញៀន របស់ជនសង្ស័យឈ្មោះ CHENG XINHAI បម្រុងឡើងរថយន្តជិះគេចខ្លួនដែរ តែត្រូវកម្លាំងសមត្ថកិច្ចទៅដល់ទាន់ពេល ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធី តាមរកចាប់ខ្លួនជនសង្ស័យឈ្មោះ CHENG XINHAI ដែលកំពុងរត់គេចខ្លួន ។ ចំពោះជនសង្ស័យទាំង២នាក់ខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព