បណ្តាញសង្គម

ក្នុងមួយថ្ងៃ មនុស្ស៣នាក់ នៅខេត្តកំពង់ចាម ស្លាប់ដោយសារ ការលង់ទឹក

កំពង់ចាម៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ សម្រាប់ ខេត្តកំពង់ចាម មានមនុស្ស ចំនួន៣នាក់ បានស្លាប់ ដោយសារលង់ទឹក ក្នុងនោះ រួមមាន ស្រុកកំពង់សៀម ស្រុកកោះសូទិន និងស្រុកបាធាយ (សម្រាប់ ស្រុកកោះសូទិន មានមនុស្ស ចំនួន៥នាក់ ស្លាប់ដោយសារ លង់ទឹក) ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា សម្រាប់ ស្រុកកំពង់សៀមនោះ ក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងរណ្តៅដី ដែលគេជីកយកដី កាលពីវេលាម៉ោង ប្រមាណ ៤៖៣០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤។ មន្រ្តីនគរបាល បានបន្តទៀតថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ សេង រស្មី អាយុ១២ឆ្នាំ រស់នៅស្រុកកំពង់សៀម ដែលមានម្តាយ ឈ្មោះ រស្មី និងឪពុកឈ្មោះ ហន់ យឿន ។

ដោយឡែក នៅសុ្រកកោះសូទិន មានក្មេងស្រី អាយុ៧ឆ្នាំ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ២៖៣០នាទី រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ និងរកឃើញនៅវេលា ម៉ោង ៣៖១៥នាទី រសៀលថ្ងៃដដែលនេះ ។ បើតាមមន្រ្តី នគរបាល ក្មេងស្រីរូបនេះមាន ឈ្មោះ អ៊ាង ស្រីម៊ី អាយុ៧ឆ្នាំ ។

ជាមួយគ្នានេះ ក៏មានសេចក្តី រាយការណ៍ថា នៅភូមិស្ពានខ្ពស់ ឃុំបាធាយ ស្រុកបាធាយក៏មានករណី មនុស្សលង់ទឹកស្លាប់ផងដែរ។ មន្រ្តីនគរបាល ស្រុកបាធាយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃ្លាំង លាស់ ភេទស្រី អាយុ២៣ឆ្នាំ បាត់ខ្លួននៅចំណុច ស្ពានកំពង់ថ្ម តាំងពីរសៀល ហើយមកដល់យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ នេះ សពជនរងគ្រោះ មិនទាន់ត្រូវបានរកឃើញនៅឡើយទេ ។

ជាមួយគ្នានេះ មន្រ្តីសាលា ស្រុកកោះសូទិន បានបញ្ជាក់ថា មានមនុស្ស ចំនួន៥នាក់ ហើយបានស្លាប់ ដោយសារលង់ទឹកស្លាប់ ក្នុងគ្រោះទឹកជំនន់ នាឆ្នាំនេះ បើគិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤នេះ។ សម្រាប់សព ជនរងគ្រោះទាំងនេះ ក្រោយពីការពិនិត្យ និងធ្វើកោសល្យវិច័យ មន្រ្តីនគរបាល មូលដ្ឋាន និងមន្រ្តីនគរបាល ជំនាញ បានប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពីគេហទំព័រ៖ ដើមអម្ពិល