បណ្តាញសង្គម

រថយន្ដមួយគ្រឿង មិនស្ដាប់បញ្ជាចរាចរណ៍បើកបុកមន្ដ្រីនគរបាលខេត្តកណ្ដាលម្នាក់ ពេលកំពុងការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់

(កណ្ដាល)៖ មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវរថយន្ដមួយគ្រឿងបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ បាក់ជើងទាំងសងខាង ពេលកំពុងបំពេញការងារឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់។

មន្ដ្រីនគរបាលរងគ្រោះឈ្មោះ ទូច សៅហេង ឋានន្ដរស័ក្ដិ ថ្នាក់អនុសេនីយឯក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។

បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលពេទ្យថតពិនិត្យលទ្ធផលបានបង្ហាញថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២ ហើយពេលនេះក្រុមគ្រូពេទ្យឲ្យសម្រាកតាមដាន ៤៨ម៉ោង ពេលមានកម្លាំងទើបរៀបចំដំណើរការវះកាត់តឆ្អឹងជើង និងលលាដ៍ក្បាលបន្តទៀត។ សម្រាប់ការជួយសង្គ្រោះ និងព្យាបាល ជនរងគ្រោះត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕

ដកស្រង់ពី៖FRESH NEWS