បណ្តាញសង្គម

ជនសង្ស័យ ៣នាក់ ហែកគុក​ នគរបាល ខណ្ឌ​ឫស្សីកែវ រត់គេច​ខ្លួន​ទាំងយប់ សមត្ថកិច្ច ​មិនទាន់​ចាប់​បាន

ភ្នំពេញ៖ មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានទទួលរងនូវ ការស្តីបន្ទោស ពីថ្នាក់លើ ក្រោយពីមានករណី ជនសង្ស័យ ៣នាក់ ជំនាញកាច់សោរ ក ម៉ូតូ បានហែកគុក នៅអធិការដ្ឋាន នគរបាលខណ្ឌ រត់គេចខ្លួន ទាំងយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ បង្កឲ្យមាន ការភ្ញាក់ផ្អើល ប៉ុន្តែរហូតមកដល់ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ ជនសង្ស័យ ដែលហែកគុករត់ចេញ នោះមិនទាន់ ត្រូវបានចាប់ខ្លួន នៅឡើយទេ។

មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានថ្លែងថា ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ក្រោយពីជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធ និងសកម្មភាពកាច់ ក ម៉ូតូ បានលួចរត់ចេញពី មន្ទីរឃុំឃាំង នគរបាល ខណ្ឌឫស្សីកែវ តាមរយៈ ការកាត់ចង្រឹង ដែករបស់គុក។ ពេលនោះ កម្លាំងនគរបាល ជាច្រើននាក់ បានបញ្ចេញ ប្រតិបត្តិការ ដេញចាប់ជន សង្ស័យទាំងនោះ ប៉ុន្តែ មិនទាន់ត្រូវចាប់បាន នៅឡើយនោះទេ រហូតមកដល់ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤នេះ។

មន្រ្តីនគរបាល បានបន្តទៀតថា ជនសង្ស័យទាំង ៣នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយ កាលពីព្រឹក ថ្ងៃទី១១ ខែសីហា ត្រូវបានបញ្ជូនខ្លួន ទៅកាន់ តុលាការ ដើម្បីធ្វើការសួរនាំ ។ ក្រោយការបញ្ចប់ ការសួរនាំ ជនសង្ស័យទាំង ៣នាក់ ត្រូវបានបញ្ជូន ត្រឡប់មកវិញ ដើម្បីឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តទៀត។ ប៉ុន្តែនៅម៉ោងកើតហេតុ កាលពីយប់មិញ ស្រាប់តែជនសង្ស័យ លួចរត់ចេញតែម្តង។ ទាំងនេះមកពីនគរបាល បានអនុញ្ញាតឲ្យ សាច់ញាតិ របស់ជនសង្ស័យ ចូលទៅសួរនាំ ហើយយកប៉ែល ទៅជាមួយ ដើម្បីទុកឲ្យជនសង្ស័យ អាចគាស់ ចង្រឹងដែកបាន៕

ដកស្រង់ពី៖ ដើមអម្ពិល