បណ្តាញសង្គម

ម្ចាស់ផ្ទះ​ឡើង​បត់ជើងតូច ស្រាប់តែ​បាត់​ម៉ូតូ​ពេល​ចេញ​មក​ក្រៅ​ទើប​ដឹង​ថា​ជា​ស្នាដៃ​ចោរ

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ក្រុមចោរ១ក្រុមធ្វើសកម្មភាពបំពុលសត្វឆ្កែចូលលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១L-៨៣៥០ យកទៅបាត់ដោយសុវត្ថិភាព ។

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ស្ថិតនៅភូមិទាហ៊ានក្រោមសង្កាត់ ស្វាយតឿក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយតឿបានឲ្យដឹងថា មានករណីក្រុមចោរមានគ្នាប្រមាណ៣ទៅ៤នាក់បានធ្វើសកម្មភាពបំពុលសត្វឆ្កែអស់ចំនួន២ក្បាល ហើយបានកាត់របងលួសចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ស្រី ភក្តី ភេទស្រីអាយុ២៥ឆ្នាំ ជាកម្មការនី មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ខណៈជនរងគ្រោះនិងប្តីកំពុងដេកលង់លក់នៅក្នុងផ្ទះ ។

បើតាមជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១០យប់ រូបគាត់ និងប្តីបានចូលដេកនៅក្នុងផ្ទះតៀមដោយដាក់ម៉ូតូនៅក្បែរគ្រែដេកដោយទាញទ្វារបិត ក៏ប៉ុន្តែមិនបានចាក់សោទ្វារទេ គឺគ្រាន់តែចងខ្សែលួសធម្មតា ហើយបានបិតទ្វាររបង និងចាក់សោរបង ។

លុះដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រក៏បានភ្ញាក់ឡើងបត់ជើងតូច ស្រាប់តែបាត់ម៉ូតូមិនឃើញនៅចុងជើងក៏ក្រោកឡើងឃើញទ្វារផ្ទះបើកចំហរក៏ចេញមកមើលក្រៅផ្ទះក៏ឃើញ តែឃើញឆ្កែទាំងពីក្បាលបានបាត់បង់ជីវិតទៅហើយនៅខាងមុខផ្ទះក៏ដើរទៅមើលទ្វាររបង ស្រាប់តែឃើញស្នាមកាត់បន្លាលួសអស់មួយផ្ទាំង ទើបដឹងថា ពិតជាចោរកាត់របងផ្ទះចូលលួចយកម៉ូតូទៅបាត់ ក៏ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តាមរកចាប់ជនល្មើសតែម្តង ។

បន្ទាប់សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុហើយបានរាយការណ៍ជូលលោកអធិការនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង ដើម្បីឲ្យជ្រាប និងដាក់កម្លាំងស្ទាក់ចាប់ជនសង្ស័យ ក៏ប៉ុន្តែពុំទាន់កំណត់មុខសញ្ញាបានទេ កំពុងស្រាវជ្រាវតាមវែកមុខជនសង្ស័យយកមកផ្តន្ទាទោសឲ្យខាងតែបាន ។ ករណីនេះដែរ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រុមចោរដែលធ្វើសកម្មភាពកាច់សោ.ក ម៉ូតូ និងបំពុលឆ្កែលួចយកម៉ូតូ គឺជាក្រុមតែមួយ ។

ប្រភពបន្តទៀតថា បើតាមចម្លើយក្រុមជនសង្ស័យបានឲ្យដឹងថា ពួកគេមានគ្នា០៩នាក់ មកពីខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ដោយមានរនុកក្នុង នៅខេត្តស្វាយរៀងនេះជួយនាំផ្លូវ ហើយបានបំបែកក្រុមជា០៣ក្រុម ធ្វើសកម្មភាពលួចម៉ូតូក្នុងខេត្តស្វាយរៀងនេះ ។

សមត្ថកិច្ចបានបង្ក្រាប និងចាប់ខ្លួនបាន០៣នាក់ ស្មើ២ក្រុម មានគ្នាប្រមាណ៥ទៅ៦នាក់គេចខ្លួនអស់៣នាក់ និងក្រុមទី៣ មានគ្នាប្រមាណ៤នាក់ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីការពារទ្រព្យសម្បត្តិរបស់យើង និងបើឃើញមានមនុស្សប្លែកមុខ និងមានការសង្ស័យសូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជាបន្ទាន់ ដើម្បីសមត្ថកិច្ចបង្ក្រាប ៕

ដកស្រង់ពី៖កោះសន្តិភាព