បណ្តាញសង្គម

ផ្អើល​អ្នក​ភូមិ​ហូប​ផ្អកត្រីប្រៃ​កំ​ពិសពុល​ច្រើន​នាក់

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅម៉ោងប្រមាណ៤រសៀលថ្ងៃទី០២ ធ្នូ មានករណីអ្នកភូមិចាស់ ក្មេង ប្រុស ស្រី ប្រមាណ២៨នាក់ (អាយុចាប់ពី៥ឆ្នាំដល់អាយុ៦៨ឆ្នាំ) ហូបផ្អកត្រីប្រៃមានកំពិសក៏ពុលក្អួតគ្រប់គ្នា តែមិនធ្វើឱ្យធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិតនោះទេ ។

សេចក្តីរាយការណ៍បន្តថា អ្នករងគ្រោះគឺមាន៥ភូមិ មានពីរឃុំក្នុងស្រុកពួក គឺឃុំពួក និងឃុំខ្នាត ។ ប្រភព បន្តថា មុនពេលមានករណីពុល គឺបន្ទាប់ពីប្រជាពលរដ្ឋទៅផ្សារពួក ហើយបានទិញផ្អកត្រីប្រៃកំពិស យកទៅធ្វើម្ហូបហូបជាមួយបាយ ។

ក្រោយមក ម្នាក់ៗក៏កើតមានអាការៈពុលក្អួតចង្អោរតែម្តង។ ភ្លាមៗ ដំណឹងនេះក៏បានដឹងដល់កម្លាំងអធិការនគរបាលស្រុកពួក និងប៉ូលិសតាមប៉ុស្តិ៍ ព្រមទាំងប្រជាការពារ និង បងប្អូនប្រជាពលរដ្ឋ បានជួយនាំគ្នាបញ្ជូនជនរងគ្រោះទាំងអស់នោះដាក់តាមមន្ទីរពេទ្យជាច្រើនកន្លែង។

ប្រភពបន្ថែមថា ម្ចាស់ដែលផលិតផ្អកត្រីប្រៃកំពិសនោះ មានឈ្មោះប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃកំពិស លក់ផ្សារពួកជាអចិន្ត្រៃយ៍ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងហៅមកសួរនាំ និងធ្វើការស្រាវជ្រាវបន្តទៀត ។

ដកស្រង់ពី៖កោះសន្តិភាព