បណ្តាញសង្គម

រៀប​គំរោង​ចាប់​ចិន​ដូច​គ្នា បែកការ​ណ៍​ទាំង​យប់​

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៤នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលជំនាញខេត្តត្បូងឃ្មុំបានធ្វើការស្រាវជ្រាវបង្ក្រាបករណីប៉ុនប៉ងជម្រិតទារប្រាក់មួយករណី និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ នៅចំណុចផ្ទះសំណាក់ប៉ារីស ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យទាំងចំនួន៥នាក់ខាងលើរួមមាន ១-ឈ្មោះ ហ័ង រ៉ុងសាន (Huang RongSan) ភេទប្រុស អាយុ២២ឆ្នាំ ២-ឈ្មោះ Yao FuYong (យ៉ៅ ហ្វូយ៉ុង) ភេទប្រុស អាយុ២១ ឆ្នាំ ៣-ឈ្មោះ ស៊ា យ៉ុងយូ (Xie YongYou) ភេទប្រុស អាយុ២២ឆ្នាំ ៤-ឈ្មោះ ហ័ង គួយឈ័ន (huang guiquan) ភេទប្រុស អាយុ២១ឆ្នាំ (ទាំង៤នាក់ទើបមកពីខេត្តគ័ងទុង ប្រទេសចិន) និង៥-ឈ្មោះម៉ា ជូហ័រ (Ma Chuhua) ភេទប្រុស អាយុ២២ឆ្នាំ ចេញចូលស្រុកខ្មែរយូរហើយ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបករណីខាងនោះ សមត្តកិច្ចដកហូតបានវត្ថុតាងរួមមាន ១-ដែកបំពង់ទីបចំនួន៤ដើម ២-កាំបិតចំនួន២ដើម ៣-ស្រោមពាក់មុខចំនួន៥, ស្រោមដៃពណ៌សចំនួន៥គូ ៤-ខ្សែនីឡុង១ចង្វាយ និង៥-ស្កុតរុំ១ដុំ ។

តាមសេចក្តីរាយការណ៍បានបន្តថា នៅវេលាយប់ថ្ងៃកើតហេតុ ជនសង្ស័យទាំង៥នាក់ បានរៀបចំគំរោងចាប់ជនរងគ្រោះម្នាក់ឈ្មោះ យ៉ាន ឡុង (Yan Long) ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិចិនដូចគ្នា ដែលចូលមករកស៊ីនៅក្នុងស្រុកខ្មែរ ដើម្បីជម្រិតទារប្រាក់ ប៉ុន្តែផែនការនោះក៏ត្រូវបែកធ្លាយដឹងដល់សមត្តកិច្ចចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យបានតែម្តងទៅ ។ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព