បណ្តាញសង្គម

បន្លំជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្ត​ក្មេងលេង ឆ្មក់ផ្អើល​កោះពេជ្រ​

រាជធានីភ្នំពេញ ៖ ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងគណៈបញ្ជាការឯកភាពខណ្ឌចំការមន លោក ថេងសុ ថុល ជាអភិបាលខណ្ឌ អភិបាលរង កម្លាំង នគរបាលនៃអធិការដ្ឋានខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់មួយកន្លែងដែលជ្រកក្រោមស្លាកមជ្ឈមណ្ឌលកម្សាន្តក្មេងលេង ដោយបានធ្វើការចាប់ឃាត់ខ្លួនអ្នកទទួលខុសត្រូវជាជនជាតិចិនម្នាក់, បុគ្គលិក(ស្រី)ចំនួន៣នាក់ និងអ្នកលេងចំនួន៨នាក់ (ក្នុងនោះស្រី៣នាក់) សរុបចំនួន១២នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន៦ទូផងដែរ ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមជ្ឈមណ្ឌលកម្សាន្តយីហោ ដាយមិនខាតធូន វ៉ើល មានទីតាំងក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីខុសច្បាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្តខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបតែប្រភេទល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីតែប៉ុណ្ណោះ ចំណែកប្រភេទក្មេងលេងបែបកំសាន្ត និងប្រភេទប្តូរកាក់ គឺមិនបង្ក្រាបឡើយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការបញ្ជូនបុរសជនជាតិចិនជាអ្នកទទួលខុសត្រូវ ព្រមទាំងបុគ្គលិក និងអ្នកលេង សរុបចំនួន១២នាក់ ទៅកាន់សាលាខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីជាបន្តទៅទៀត និងដកហូតទូហ្គេមបាញ់ត្រីចំនួន៦ទូយកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល និងបិទទីតាំងខាងលើជាបណ្តោះអាសន្នផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនធ្លាប់ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីក្នុងមជ្ឈមណ្ឌលកម្សាន្តយីហោ ដាយមិន ខាតធូន វ៉ើល នេះនិងបានបិទម្តងរួចមកហើយ លុះមកដល់ពេលនេះគឺជាការចុះបង្ក្រាបលើកទី២ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព