បណ្តាញសង្គម

ឆែក​កាមេរ៉ា​ទើប​ឃើញ​ល្បិច​ក្រុម​ចោរ​ចិន បើកឡាន​ប្លន់​ជនបរទេស​អស់​៥០០០​​ដុល្លារ

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បក្សពួកជនជាតិចិន៤នាក់បានបើករថយន្តមកកៀកម៉ូតូកង់បីឱ្យឈប់ រួចប្លន់បុរសជាជនជាតិឥណ្ឌូនេស៊ីដែលកំពុងជិះម៉ូតូកង់បីនោះ ដោយយកបានលុយ៥០០០ដុល្លារ និងសម្ភារៈជាច្រើន រួចគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលកាលម៉ោង៣និង១៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១ នៅចំណុចលើផ្លូជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ។

បើតាមរបាយការណ៍របស់នគរបាលស្រុកកោះធំបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះដាវីត (DAViD) ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខC.296772 បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល រីឯសម្ភារៈដែលបាត់បង់មានលុយសរុបប្រហែល៥០០០ដុល្លារ និងទូរស័ព្ទដៃចំនួន៣គ្រឿងម៉ាកអាយហ្វូន។ចំណែកជនសង្ស័យមានគ្នា០៤នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិចិន បន្ទាប់ពីធ្វើសកម្មភាពរួច បានគេចខ្លួនឡើងជិះរថយន្តម៉ាកស្តារិច សំដៅទិសខាងជើង ឆ្ពោះទៅភ្នំពេញបាត់ស្រមោល ។

តាមការបំភ្លឺពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីកន្លែងធ្វើការអនឡាញក្នុងកាស៊ីណូហ្ក្រេនដ្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដើម្បីមកកាន់ផ្ទះជួលស្នាក់នៅក្បែរនោះ ។

បន្តិចក្រោយមក មានមិត្តភក្តិ៣នាក់ ក្នុងនោះមានស្ត្រីម្នាក់បានបបួលគ្នាទៅច្រៀងខារ៉ាអូខេយីហោ១៦៨ នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំនោះ។ជនរងគ្រោះបន្តថា ពេលនោះពួកគេក៏ដើរចេញមកតាមផ្លូវជាតិលេខ២១ មុខកាសីណូក្រោណរីសត ក៏ហៅម៉ូតូកង់បីជិះ ហើយពេលនោះម៉ូតូកង់បីដែលជាជនជាតិវៀតណាមបានដឹករូបគាត់ និងមិត្តភក្ដិ៣នាក់ លុះដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងបើកមកពីក្រោយកៀរម៉ូតូកង់បីឲ្យឈប់ ហើយមានមនុស្សប្រុស៣នាក់និយាយភាសាចិន បានចុះធ្វើសកម្មភាពឆក់យកកាបូបដាក់សម្ភារៈរបស់គាត់ រួចហើយក្រុមជនសង្ស័យក៏នាំគ្នាឡើងជិះរថយន្តគេចខ្លួនចេញទៅបាត់តែងម្តងទៅ ។

ជនរងគ្រោះបន្តទៀតថា លុះព្រឹកឡើងទើបគាត់ទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំពៅពូន ដើម្បីឲ្យជួយចាត់ការលើក្រុមចោរឆក់ជាជនជាតិចិនមួយក្រុមនោះ ។ ក្រោយមក បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍បានសហការជាមួយសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ ចុះស៊ើបអង្កេត និងស្រាវជ្រាវដល់ទីកន្លែងកើតហេតុ ដោយបានត្រួតពិនិត្យ និងឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបឃើញសកម្មភាពក្រុមចោរឆក់កាបូបលុយ និងទូរស័ព្ទដៃរបស់ជនរងគ្រោះជាក់ស្តែងមែន ។

ករណីខាងលើនេះ នគរបាលស្រុកកោះធំ ខេត្តកណ្តាល កំពុងដុតដៃដុតជើងស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួននាំមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព