បណ្តាញសង្គម

អតីតកីឡាករប្រដាល់ជាប់ចោទលួចឡាន យំអាណិតខ្លួនឯង

រាជធានីភ្នំពេញ ៖ មិនបានកាន់ដៃកាន់ជើងជនឈ្មោះថាចោរទេ គ្រាន់តែជាការរៀបរាប់ខ្លះៗ ស្តីពីប្រវតិ្តសង្ខេបរបស់ជនសង្ស័យដែលជាអតីតកីឡាករប្រដាល់ក្បាច់គុនបុរាណម្នាក់ដែលបានក្លាយជាជនជាប់ចោទលួចរថយន្ត ។

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មានមុខរបរដើររើសអេតចាយ និងជាអតីតកីឡាប្រដាល់ក្បាច់បុរាណត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពីបទលួច ។ ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់សំណុំរឿងនេះ បានចាត់ទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនអតីតកីឡាប្រដាល់រូបនេះដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

អ្វីដែលគួឲ្យកត់សម្គាល់នោះឃើញថា ក្រោយពេលតំណាងអយ្យការបានធ្វើការចោទប្រកាន់ ជនសង្ស័យឈ្មោះ អែម ចាន់ឌី បានអង្គុយយំខ្សិកខ្សួលស្រណោះខ្លួននិងបានរៀបរាប់ពីឆាកជីវិតរបស់ខ្លួនរកពន្លឺមិនឃើញនឹងគេរហូតពេលនេះបានក្លាយជាអ្នកទោស ។

មុនពេលសមត្ថកិច្ចនាំទៅពន្ធនាគារនៅចំពោះមុខអ្នកយកព័ត៌មានកោះសន្តិភាព អែម ចាន់ឌី និយាយបណ្តើរបង្ហូរទឹកភ្នែកបណ្តើរថា រូបគេជាក្មេងកំព្រាត្រូវឪពុកម្តាយស្លាប់ចោលតាំងពីអាយុ៥ឆ្នាំ ហើយរហូតមកដល់ពេលនេះសូម្បីបងប្អូនក៏គ្មានដែរ គឺរស់នៅក្នុងជីវិតឯកោ ។

ចាន់ឌីបន្តថា ក្នុងវ័យអាយុ៥ឆ្នាំ អែម ចាន់ឌី បានចាកចេញពីស្រុកកំណើតឯខេត្តកំពត មករស់នៅភ្នំពេញជាមួយក្រុមមនុស្សអនាថាដូចគ្នា ហើយប្រកបមុខរបររើសអេតចាយ ដើម្បីចិញ្ចឹមក្រពេះ ។ លុះខ្លួនធំពេញវ័យបានទៅសុំគេរៀនប្រដាល់នៅក្លិប(ឫទ្ធីសែនជ័យ) ហើយរូបគេមានរហស្សនាមថា (និរោធសែនជ័យ) ។

ពេលហាត់រៀនក្នុងក្លិបប្រដាល់ការស្នាក់នៅ និងហូបចុកនៅក្លិបនោះតែម្តង ទើបធ្វើឲ្យជីវិតគេមានរស្មីបានខ្លះ នឹងបានបោះបង់ចោលរបរដើររើសអេតចាយ ។ ក៏ប៉ុន្តែការរស់នៅក្នុងក្លិបមិនសូវជាស្រួលប៉ុន្មានទេ ព្រោះខ្លួនជាមនុស្សអនាថា គេតែងតែប្រើឲ្យធ្វើការងារមិនសូវទំនេរដូចជាបោសជូត និងបោកគក់ជាដើម ។

ក្នុងចន្លោះអាយុ២០ឆ្នាំតិចតួច ខ្លួនបានឡើងលើសង្វៀនប្រដាល់ក្នុងស្រុកបានចំនួនជាង២០លើកមានឈ្នះមានចាញ់ មិនតែប៉ុណ្ណោះខ្លួនក៏បានចេញទៅប្រកួតនៅក្រៅប្រទេស គឺប្រទេសថៃ២លើក ឈ្នះ១លើក នឹងចាញ់១លើក ។

លុះពេលអាយុបានប្រហែល២៣ទៅ២៤ឆ្នាំ ស្រាប់តែក្លិបប្រដាល់(ឫទ្ធីសែនជ័យ)បានបញ្ឍប់ និងបណ្តេញគេចេញ មូលហេតុថាគេវ៉ៃលែងកើត ។ ក្រោយពេលក្លិបប្រដាល់បណ្តេញចេញក៏បានធ្លាក់ខ្លួនទៅជាជនអនាថា ដើររើសអេតចាយជាថ្មីវិញ នឹងបានទៅជួលបន្ទប់ស្នាក់នៅម្នាក់ឯង ក្នុង១ខែតម្លៃ២០ដុល្លារអាមេរិក ។ និយាយផងយំផងអតីតកីឡាប្រដាល់រូបនេះបន្តថា ជីវិតអ្នករើសអេតចាយលក់គឺក្នុង១ថ្ងៃបាន១០.០០០ទៅ១៥.០០០រៀល គ្រាន់ដោះដូរបាយ នឹងថ្លៃឈ្នួលផ្ទះ តែយ៉ាងនេះក្តីក៏ខ្លួនមិនបានប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយទេ ។ ចំពោះការចាប់ខ្លួន នឹងចោទប្រកាន់ថា ជាចោរលួចរថយន្តនោះខ្លួនទទួលស្គាល់ តែរឿងមិនមែនដូច្នោះទាំងស្រុងទេ គឺនៅថ្ងៃកើតហេតុខ្លួនបានចេញពីបន្ទប់ជួលមួយកន្លែងក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្នុងគោលបំណងដើររើសអេតចាយលក់ជាធម្មតា ។ ពេលនោះបានឃើញរថយន្តដឹកទំនិញ១គ្រឿង ដែលម្ចាស់ចតទុកនៅលើផ្លូវនឹងមានកូនសោកុងតាក់ជាប់ទៀតផង ។

ឃើញដូច្នោះខ្លួនក៏បានឡើងកាច់សោបញ្ឆេះហើយបើកចេញទៅ ប៉ុន្តែមិនមានគោលដៅថាបើកទៅណាឲ្យច្បាស់លាស់ទេ គឺបើកសាកមើលដែលកន្លងមកខ្លួនចេះបើកតិចតួចដែរ ។ លុះបើកបានមួយជុំក៏យកទៅទុកឲ្យម្ចាស់វិញ គ្រាន់តែមិនបានដាក់ដល់កន្លែងដើមព្រោះខ្លាចម្ចាស់គេវ៉ៃ រួចបានដើរទៅបន្ទប់ជួលស្នាក់នៅធម្មតាវិញ ស្រាប់តែ៤ថ្ងៃក្រោយមកត្រូវសមត្ថកិច្ចចាប់ខ្លួន ។

ពេលនេះខ្លួនគេទទួលខុសទាំងអស់ តែមិនចង់ជាប់ពន្ធនាគារឲ្យមានឈ្មោះជាចោរទេ នឹងសុំមិនឲ្យកើតមានជាលើកទី២ដែរ ព្រោះតែខ្លួនជាក្មេងកំព្រាកុំឲ្យអភ័ព្វពេក ។ នៅចំពោះមុខអ្នកច្បាប់បានលើកឡើងថា ជនសង្ស័យអាចជាមនុស្សខូចប្រព័ន្ធសរសៃប្រសាទ ព្រោះគាត់ជាកីឡាប្រដាល់ឡើងវ៉ៃច្រើនប៉ះពាល់ក្បាល ធ្វើឱ្យគាត់មិនបានគិតវែងឆ្ងាយ ។

ទោះជាយ៉ាងណាជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកការស៊ើបអង្កេត នឹងជំនុំជម្រះទោសនៅពេលក្រោយ ។

គួរបញ្ជាក់ថា អតីតកីឡាករប្រដាល់ម្នាក់ បែរក្លាយជាជនសង្ស័យចោរលួចរថយន្ត ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ក្រោយពេលទទួលបានពាក្យបណ្ដឹងពីស្ត្រីម្នាក់ដែលបានបាត់រថយន្ដធុនធំ១គ្រឿង ។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថខាងលើក៏បាននាំជននេះទៅកន្លែងលាក់រថយន្ត នៅក្នុងព្រៃដីឡូត៍ទំនេរមួយកន្លែង រួចហើយបានធ្វើការដកហូតយកមកប្រគល់ជូនម្ចាស់វិញផងដែរ ។ គួរកត់សម្គាល់ថា ការឃាត់ខ្លួនធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១០ ធ្នូ ស្ថិតនៅចំណុចបន្ទប់លេខ១១ (ផ្ទះជួលមួយកន្លែង) ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ អែម ចាន់ឌី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអតីតកីឡា ប្រដាល់ក្បាច់បុរាណម្នាក់ សា្នក់នៅបន្ទប់ជួលក្នុងភូមិខាងលើ ។

ជននេះបានធ្វើសកម្មភាពលួចរថយន្ត១គ្រឿងម៉ាក HYUNDAI MIGHTY សេ៊រីឆ្នាំ២០០៥ ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោនកន្លះ ដែលជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ឈ្មោះ ខា ស្រីអូន អាយុ៣៧ឆ្នាំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៦ ធ្នូ ម្ចាស់បានចតរថយន្តទុកនៅម្តុំរោងលក់ទឹកត្នោតជូរមួយកន្លែង ស្ថិតនៅខាងក្រោយរោងចក្រ សួនឧស្សាហ៍កម្មកាណាឌីយ៉ា នៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពលួចបានសម្រេចរួចហើយបានបើករថយន្តខាងលើ យកទៅប្លុងចោលនៅក្នុងព្រៃលើដីទំនេរមួយកន្លែង ស្ថិតនៅខាងកើតវត្តអង្គតាមិញ ក្នុងភូមិ គោកចំបក់ សង្កាត់ចោមចៅទី១ បន្ទាប់មកបានគេចខ្លួនទៅសម្ងំនៅក្នុងផ្ទះដែលខ្លួនជួលស្នាក់នៅ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ។

ប្រភពដដែលបានបន្តថា ចំណែកឯស្ត្រីជាម្ចាស់រថយន្តក្រោយពេលដឹងថា រថយន្តរបស់ខ្លួន ត្រូវចោរលួចបាត់ គាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញជួយអន្តរាគមន៍ភ្លាមៗដែរ ។

បន្ទាប់មកកម្លាំងកងរាជអាវុធហត្ថខាងលើ ក៏បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនសង្ស័យទើបចុះទៅធ្វើការចាប់ខ្លួនបាន ក្រោយពីការធ្វើសកម្មភាពលួចរយៈពេល៤ថ្ងៃប៉ុណ្ណោះ ៕

ដកស្រង់ពិ៖កោះសន្តិភាព