បណ្តាញសង្គម

រថយន្តដឹកកុងតឺន័រ ដាច់ហ្វ្រាំងបុករះ រថយន្ត និងម៉ូតូ ៤គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់ ៥នាក់​ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ នៅនឹងកន្លែង និង៩នាក់ផ្សេងទៀតបាន រងរបួសធ្ងន់ និងស្រាល ក្នុងហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដ៏រន្ធត់មួយកើតឡើង បង្កដោយរថយន្ត ដឹកកុងតឺន័រ ដាច់ហ្វ្រាំង បុករះរថយន្ត ម៉ាកកាមរី មួយគ្រឿង និងម៉ូតូ ៣គ្រឿង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី១៣ សីហាឆ្នាំ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចមុខស្ថានីយរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

លោក វរៈសេនីយ៏ទោ អ៊ី សុខា ស្នងការរងទទួលបន្ទុក សណ្តាប់ធ្នាប់ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្ក ដឹកកុងតឺន័រ របស់ក្រុមហ៊ុន អ៊ុយញ៉ុង ម៉ាកហ្វុយស្សូ ពណ៏ខៀវពាក់ ស្លាកលេខ ភ្នំពេញ 3A 4162 បើកបរដោយឈ្មោះ យន់ សុភ័ក្រី ភេទ ប្រុស អាយុ ២៦ឆ្នាំ ស្រុកកំណើត ភ្នំពេញធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច(ផ្លូវចុះចំណោត) លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែដាច់ហ្វ្រាំង រេចង្កូតបុករថយន្ត មួយគ្រឿង កាមរីស្វិតពណ៏ស ពាក់ស្លាកលេខភ្នំពេញ2 A 4387 និងបន្ត បុករះ ម៉ូតូ ៣គ្រឿងទៀត រួចជ្រុលទៅ បុកឪពុកនិង កូនប្រុសកំពុង ដើរហាត់ប្រាណតាមផ្លូវ បណ្តាលឱ្យ កូនប្រុសអាយុ ជាង១០ឆ្នាំ ស្លាប់នៅនឹងកន្លែង ចំណែកឪពុក និង មនុស្ស៨នាក់ផ្សេងទៀត រងរបួសធ្ងន់ និងរបួស្រាល ម្នាក់ក្នុងស្ត្រីចំនួន៤នាក់ ។

ចំពោះឈ្មោះ របស់ជនរងគ្រោះ ទាំង៩នាក់និងសពកុមារាម្នាក់នេះ គេនៅពុំទាន់ ដឹងនៅឡើយទេ រហូតមកដល់ម៉ោង ១៧និង ៣០នាទីល្ងាច ថ្ងៃទី១៣នេះ។ ទាក់ទិននិង ហេតុការណ៍នេះ បើតាមសាក្សី នៅកន្លែងកើតហេតុ ជាច្រើនអ្នកបានប្រាប់ អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត បង្កហេតុបើកបរ យ៉ាងលឿន រេចង្កូតពេញតែផ្លូវ បើចុះពីលើ ចំណាតលោក យាយម៉ៅ លុះបើក មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែបានបើក ទៅបុករថយន្ត និងម៉ូតូ ដែលបើកស្របទិសគ្នា នៅពីមុខរួម និងអ្នកដើរហាត់ប្រាណ ពីរនាក់ឪពុក និងកូនបង្កអោយគ្រោះថ្នាក់ ដ៏អាក្រក់ដូចនេះទៅ ។

រថយន្តបង្កហេតុ បន្ទាប់ពីបុករះ ម៉ូតូ និងរថយន្ត ខាងលើរួចក៏បាន បន្ទាប់ទៅបុកតូប អ្នកលក់គ្រឿងសមុទ្រ ចំនួន៤តូបទៀត និង បង្កោលភ្លើង ក្រឡាប់ទៅមុខ លែងរួចប៉ុន្តែសំណាងល្អ មនុស្សដែលនៅក្នុង តូបលក់គ្រឿង សមុទ្រទាំងនោះ មិនមានអ្នកណា រងរបួសអ្វីទេ រីឯអ្នកបើកបររថយន្តបង្កត្រូវជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ ។

ក្រោយពីកើតហេតុ អ្នករបួសធ្ងន់ ត្រូវគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនរង គ្រោះដែលស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ រកសាច់ញាតិ ដើម្បីប្រគល់សព ចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ៕