បណ្តាញសង្គម

អ្នក​រត់​កង់​បី​គ្រាន់តែ​ឃើញ​ប៉ូលិស​ភ្លាម​បើក​កង់​បី​រត់​ដូច​បានឃើញ​ខ្មោច

រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បី២នាក់រួមជាមួយបុរសម្នាក់ទៀតដែលជាជាងជួសជុលរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៣នាក់ស្ថិតនៅកន្លែងស្ងាត់ហើយគ្រាន់តែឃើញកម្លាំងនគរបាលល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានក៏បាននាំគ្នារត់គេចខ្លួនគួរឲ្យសង្ស័យ ទើបកម្លាំងដេញតាមឃាត់ខ្លួនតែម្ដង ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅត្រង់ចំណុចគល់ស្ពានព្រែកជ្រៃ ស្ថិតនៅតាមផ្លូវលេខ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់នោះរួមមានទី១-ឈ្មោះ យ៉ន យ៉ុន អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅមិនពិតប្រាកដ នៅក្នុងរាជធានីភ្នំពេញ, ទី២-ឈ្មោះ អ៊ុន វុធ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរត់ម៉ូតូកង់បីស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងភូមិទី៦ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ជន នាង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើកម្លាំងនគរបាលប៉ុស្តិ៍ស្ពានថ្ម បានចេញល្បាតតាមផ្លូវលេខ២៧១ លុះពេលទៅដល់ចំណុចគល់ស្ពានព្រែកជ្រៃ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ គឺឈ្មោះ យ៉ន យ៉ុន និងឈ្មោះ អ៊ុន វុធកំពុងអង្គុយលើម៉ូតូកង់បី១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ។ ពេលនោះកម្លាំងបានចូលទៅជិតក្នុងបំណងសួរនាំស្រាប់តែជនសង្យ័យទាំង០២នាក់នេះបាន នាំគ្នាបើកម៉ូតូកង់បី និងម៉ូតូសណ្ដោងរ៉ឺម៉កម្នាក់១គ្រឿងរត់គេចខ្លួន ។

ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍ខាងលើក៏បានដេញតាមបណ្ដើរនិងស្រែកប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងនៅតាមបណ្ដាគោលដៅផ្សេងទៀតជួយស្ទាក់ រហូតឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ន យ៉ុន នៅត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា ចំណែកជនសង្ស័យឈ្មោះ អ៊ុន វុធ ឃាត់ខ្លួនបានត្រង់ចំណុចស្តុបផ្សារថ្នល់បត់ ផ្លូវ២១៧ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោក្រោយមកទើបបន្តទៅឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ជន នាង នៅត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់នគរបាលដកហូតវត្ថុតាងមួយចំនួនដូចជាទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូ១គ្រឿង, ម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង, ម៉ូតូកង់បី១គ្រឿង ដោយឡែកជនសង្ស័យទាំង០៣នាក់ខាងលើសារភាពថា ពួកខ្លួនបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លុះពេលឃើញនគរបាលទៅដល់មានការភិតភ័យទើបនាំគ្នារត់បែបនេះ តែរត់មិនរួចក៏ត្រូវនគរបាលចាប់ខ្លួនបានតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព