បណ្តាញសង្គម

សមត្ថកិច្ច​ចុះបង្ក្រាបកន្លែងធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម​យូរមកហើយ

ខេត្តប៉ៃលិន ៖ កម្លាំងនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក និងជួញដូរនូវសារធាតុញៀនដ៏សកម្មមួយកន្លែងក្នុងក្រុងប៉ៃលិនអស់រយ:ពេលជាយូរមកហើយដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនចំនួន២កញ្ចប់ធំ និង២២កញ្ចប់តូច ។

ហេតុការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរស្ពានអូរតាប្រាង នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិខ្លុង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

តាមប្រភពព័ត៌មានពីលោក យ៉ុង សារិទ្ធ នាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈុន ម៉ៅ ហៅយាយពៅ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិសង្កាត់ខាងលើ (ស្ត្រីជាជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាចាស់) ។

តាមប្រភដដែលបានបន្តទៀតថា បន្ទាប់ពីសុំគោលការណ៍ពីលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ខណ:ទទួលបានដំណឹងពីប្រជាពលរដ្ឋ ទើបខាងលោកក៏បានដឹកនាំកម្លាំងចុះទៅធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ដោយរឹបអូសបានម្សៅក្រាមពណ៌សថ្លាចំនួន២៥កញ្ចប់ (សង្ស័យម៉ាទឹកកក ក្នុងនោះតូច២៣កញ្ចប់ និងធំ២កញ្ចប់), ជញ្ជីង១គ្រឿង រួមជាមួយថង់សំរាប់វេចខ្ចប់មួយចំនួនទៀត ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយមកកម្លាំងជំនាញបាននាំខ្លួន ជនសង្ស័យខាងលើទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព