បណ្តាញសង្គម

ចាប់ឃុំជនសង្ស័យ3យប់3ថ្ងៃ ដើម្បីបង្ខំ ទារ​ប្រាក់2.400$ផង?

ខេត្តបាត់ដំបង៖ អធិការនគរបាលស្រុកឯកភ្នំ ត្រូវបានគេទម្លាយឲ្យដឹង កាលពីរសៀលថ្ងៃទី០១ មករា ថា បានចាប់បុរសម្នាក់យកទៅឃុំខ្លួនអស់រយៈពេល៣យប់៣ថ្ងៃ ដើម្បីបង្ខំទារប្រាក់ចំនួន២.៤០០ដុល្លារ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញ ដោយមិនបានរាយការណ៍ជូនលោកស្នងការខេត្ត ឬលោកព្រះរាជ អាជ្ញាឱ្យបានជ្រាបឡើយ ក្នុងអំឡុងពេលនៃការឃុំខ្លួនមនុស្សពីបទប្រើ «ហិង្សា» ។

យោងតាមប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយដែលបានប្រាប់កោះសន្តិភាពថា បុរសម្នាក់ឈ្មោះ វ៉ូ អាយុជាង២០ឆ្នាំ រស់នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវកម្លាំងនគរបាលស្រុកឯកភ្នំចាប់វាយខ្នោះ កាលពីល្ងាចថ្ងៃទី២៨ ធ្នូ ២០១៩ កន្លងទៅថ្មីនេះ នៅផ្ទះអតីតភរិយាឈ្មោះវិន វ៉ាន់លឿប អាយុជាង២០ឆ្នាំដែរ រស់នៅក្នុងស្រុកឯកភ្នំ ខណៈដែលបុរសនេះទៅលេងកូន ហើយមានការឈ្លោះប្រកែកគ្នារវាងអតីតប្ដី-ប្រពន្ធនេះ។

ប្រភពបន្តទៀតថា ប្ដីប្រពន្ធនេះបានប្ដឹងលែងលះគ្នាហើយ តែធ្វើឡើងត្រឹមអាជ្ញាធរឃុំ ។ ក្រោយពីលែងលះ ភាគីខាងប្រុសបានធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ តែបានសន្យាផ្ញើលុយ១ខែចំនួន៣,០០០បាត ដើម្បីចិញ្ចឹមកូន ។

ជាមួយនឹងការសន្យា បុរសនេះតែងផ្ដាំផ្ញើជានិច្ចឲ្យអតីតភរិយាមើលថែកូនឲ្យបានដិតដល់ និងបានផ្ញើលុយរាល់ខែឲ្យអតីតប្រពន្ធតាមការសន្យា ។ ប៉ុន្តែនៅក្នុងឱកាសឆ្លងឆ្នាំសាកលនេះ បុរសនេះបានវិលត្រឡប់មកស្រុកកំណើត ដើម្បីមកលេងកូន ។ អ្នកទម្លាយព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ពេលមកដល់ស្រុក បុរសនេះបានឆ្លៀតទៅជួបកូននៅផ្ទះខាងប្រពន្ធ និងបានសួរសុខទុក្ខកូន។

ប៉ុន្តែគ្រានោះស្រាប់តែកូនតូចបានរៀបរាប់ប្រាប់ឪពុកថា «ម៉ាក់របស់ខ្លួន ហាក់មិនសូវគិតគូរមើលថែខ្លួន (កូន)ទេ»។ គ្រាន់តែឮកូនពោលដូច្នេះ បុរសជាឪពុកក៏សួរនាំអតីតប្រពន្ធ រហូតតឹងសរសៃ ក៏បង្កជាជម្លោះឈានដល់ផ្ទុះហិង្សារតែម្ដង។

បើតាមប្រភពពដដែល បានបញ្ជាក់ថា ពេលដែលមានការប្រទូស្ដរ៉ាយគ្នា អតីតប្ដីបានវាយដំលើអតីតប្រពន្ធឡើងជាំមុខ និងប្រើកាំបិតចាក់ត្រូវក្បាល បណ្ដាលឲ្យមានររបួសទៀតផង។ ប៉ុន្តែក្រោយផ្ទុះជម្លោះ សមត្ថកិច្ចក៏បានចុះមកចាប់ខ្លួនបុរសនោះយកទៅភ្លាមៗ តាមបណ្ដឹងរបស់អតីតភរិយា។ជុំវិញការចាប់ខ្លួនបុរសឈ្មោះវ៉ូ យកទៅឃុំឃាំងនៅអធិការស្រុក ក្រោមបទចោទប្រើអំពើ«ហិង្សា» នេះ បើតាមក្រុមគ្រួសារជនសង្ស័យបានប្រាប់កោះសន្តិភាពថា អតីតប្រពន្ធឈ្មោះវិន វ៉ាន់លឿប បានប្ដឹងទារសំណងចំនួន២.០០០ដុល្លារពីអតីតប្ដី។

ប៉ុន្តែនៅក្នុងអំឡុងនៃការឃុំខ្លួននោះ មន្ត្រីជំនាញមិនអនុញ្ញាតឲ្យក្រុមគ្រួសារជនសង្ស័យ ឬជនសង្ស័យជួបជាមួយដើមបណ្ដឹង ដើម្បីចរចាសំណងទេ គឺអ្វីៗស្ថិតនៅលើសមត្ថកិច្ចដែលសួរចម្លើយនោះ ជាអ្នកចាត់ចែងទាំងអស់ បើទោះជាភាគីខាងជនសង្ស័យទទូចសុំចរចាសំណងជាមួយដើមបណ្ដឹងយ៉ាងណាក្ដី ។ សាច់ញាតិជនសង្ស័យម្នាក់និយាយថា សមត្ថកិច្ចបានព្យាយាមគ្រប់បែបយ៉ាង មិនឲ្យភាគីទាំង២ជួបនិយាយគ្នា។ ម្ដាយជនសង្ស័យបានព្យាយាមសុំបន្ធូរបន្ថយសំណង តែត្រូវរារាំងដោយសមត្ថកិច្ច។ មន្ត្រីនោះ បានអះអាងជំនួសដើមបណ្ដឹងថា «ដើមបណ្ដឹងមិនព្រមទេ គឺត្រូវតែបង់គ្រប់ចំនួន២.០០០ដុល្លា»។

ប្រភពដដែលនេះបានរៀបរាប់ដែរថា រយៈពេលនៃការឃុំខ្លួនជនសង្ស័យប៉ុន្មានថ្ងៃនោះ គឺម្ដាយជនសង្ស័យបានព្យាយាមច្រើនលើកច្រើនសារ ដើម្បីសុំជួបដើមបណ្ដឹង តែសមត្ថកិច្ចនៅតែទប់ស្កាត់មិនឲ្យភាគីទាំង២ជួបគ្នាដដែល។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានបង្ខំដដែលឲ្យម្ដាយជនសង្ស័យលក់ម៉ូតូ ដើម្បីយកលុយទៅបង់ឲ្យភាគីរងគ្រោះទៀតផង ។

ប្រភពបានបន្ថែមថា ដោយសារអស់តំរិះ ម្យ៉ាងសមត្ថកិច្ចចេះតែគំរាមដដែលថា នឹងបញ្ជូនជនសង្ស័យទៅដាក់គុកយ៉ាងតិច៥ឆ្នាំដោយមិនចាំបាច់ឆ្លងកាត់ស្នងការខេត្ត ឬតុលាការឡើយ ធ្វើឲ្យម្ដាយជនសង្ស័យកាន់តែភ័យខ្លាច ទើបគាត់សម្រេចយកម៉ូតូកូនទៅបញ្ចាំគេ បានប្រាក់ចំនួន១.០០០ដុល្លារ និងដើរសំពះអង្វរខ្ចីបុលគេបានចំនួន១.៤០០ដុល្លារទៀត ដើម្បីយកទៅបង់ជូនលោកសមត្ថកិច្ច។ ប្រភពដែលគួរឲ្យជឿជាក់នេះបានបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ចំនួន២.៤០០ដុល្លារនេះ គឺត្រូវបង់ឲ្យអតីតប្រពន្ធចំនួន២.០០០ដុល្លារ និងបង់ឲ្យលោកមន្ត្រីជំនាញចំនួន៤០០ដុល្លារ ។ ប៉ុន្តែលោកមន្ត្រីជំនាញមិនស្ងប់ទេ គាត់បានទាមទារប្រាក់ពីជនរងគ្រោះចំនួន៥០០ដុល្លារបន្ថែមទៀត តាមមហិច្ឆតារបស់គាត់។

ដូច្នេះ សរុបលទ្ធផលមក ជនសង្ស័យខាតបង់ចំនួន២.៤០០ដុល្លារ រីឯជនរងគ្រោះទទូលបានសំណង១.៥០០ដុល្លារ ខណៈលោកមន្ត្រីជំនាញទទួលបានប្រាក់ចំណូល៩០០ដុល្លារគត់ ក្នុងរយៈនៃការឃុំខ្លួនមនុស្ស៣យប់៣ថ្ងៃនេះ ។ ក្រោយពីទទូលប្រាក់គ្រប់ចំនួន២.៤០០ដុល្លារ ទើបសមត្ថកិច្ចព្រមដោះលែងជនសង្ស័យឈ្មោះ វ៉ូ នៅវេលាម៉ោងជាង២រសៀលថ្ងៃទី៣១ ធ្នូ ២០១៩ ឱ្យមានសេរីភាពវិញ ។ ជុំវិញការចោទប្រកាន់នេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកឡុង យោធាវីរៈ អធិការស្រុកឯកភ្នំ បានភ្លាមៗទេ នៅព្រឹកថ្ងៃទី០២ មករា នេះ ។

ប៉ុន្តែទំនងជាដឹងថា សំណុំរឿងសម្ងាត់នេះ ត្រូវបានបែកធ្លាយ ស្រាប់តែលោកឡម ឡាន អធិការរងទទូលផ្នែកព្រហ្មទណ្ឌ នៃអធិការស្រុកឯកភ្នំ បានស្ទុះស្ទារទូរស័ព្ទមកបំភ្លឺប្រាប់កោះសន្តិភាព នៅម៉ោង៧ និង២៤នាទីយប់ថ្ងៃទី០១ មករា ថា «ពិតជាមានរឿងដូចខាងលើនេះមែន តែខ្ញុំមិនបានបង្ខំទារប្រាក់ពីជនសង្ស័យទេ គឺជនរងគ្រោះជាអ្នកទាមទារ គឺទារហូតដល់ចំនួន៣.០០០ដុល្លារឯណោះ តែជួយសម្រួលបានត្រឹម២.០០០ដុល្លារ»។

លោកអធិការរងរូបនេះបាន ទទួលស្គាល់ថា លោកពិតជាបានទទូលយកប្រាក់ទាំងនោះមែន តែប្រាក់ទាំងនោះ គឺជាប្រាក់មនោសញ្ចេតនា ដូច្នេះ លោកមិនបានបង្ខំទាមទារឡើយ ។លោកឡាម ឡាន បាននិយាយអំពីនីតិវិធីនៃការឃាត់ខ្លួនមនុស្សថា «តាមពិតការឃាត់ខ្លួនជនសង្ស័យក្នុងរយៈ៣យប់៣ថ្ងៃនោះ មិនទាន់ហួសនីតិវិធីទេ ។

ព្រោះ១យប់ ដំបូងឃាត់នៅត្រឹមប៉ុស្តិ៍រដ្ឋបាល និង២យប់ចុងក្រោយឃាត់នៅអធិការ អញ្ចឹងមិនទាន់គ្រប់ចំនួនម៉ោងនៅឡើយទេ» ។ ចំពោះការបង្ខំទារប្រាក់វិញ លោកអធិការរងបានបំភ្លឺថា លោកមិនបានរារាំងភាគីទាំង២មិនឲ្យជួបគ្នានោះទេ ផ្ទុយទៅវិញមានតែលោកព្យាយាមឲ្យពួកគេជួបចរចាគ្នាបញ្ចប់រឿង ហើយលោកបានព្យាយាមជួយជនសង្ស័យកុំឲ្យជាប់គុក ។

ប៉ុន្តែយ៉ាងណា លោកបានសារភាពទទួលកំហុសថា «ក្នុងអំឡុងពេលនៃការឃាត់ខ្លួនជនសង្ស័យនោះ ខ្ញុំពិតជាមិនបានរាយការណ៍ជួនលោកស្នងការ និងលោកព្រះរាជអាជ្ញាបានជ្រាបមែន ។

មូលហតុ ដែលខ្ញុំមិនបានរាយការណ៍ជួន ដោយគិតថា នឹងពិបាកក្នុងការដោះស្រាយ មិនចង់ឲ្យជនសង្ស័យជាប់គុក ទើបសម្រេចចិត្តខុសមួយពេលបែបនេះ»។ ដោយឡែក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានបញ្ជាក់ប្រាប់កោះសន្តិភាព តាមទូរស័ព្ទថា លោកមិនបានដឹងរឿងនេះទេ ព្រោះលោកអធិការស្រុកឯកភ្នំនេះ មិនបានរាយការណ៍ឲ្យដឹង នៅពេលឃាត់ខ្លួនមនុស្ស។

លោកស្នងការរងបានបញ្ជាក់ដូច្នេះថា «បើកោះសន្តិភាព មិនសួរនាំទេ ខ្ញុំពិតជាមិនបានដឹងមែន.. ហើយបើមានការឃុំខ្លួនរយៈពេលយូរបែបនេះ អាចខុសនឹងនីតិវិធីហើយ ដូច្នេះ រឿងនេះ អ្នកណាធ្វើត្រូវតែទទួលខុសត្រូវខ្លួនឯងហើយ» ។ យ៉ាងណាក៏ដោយ បើតាមមន្ត្រីជំនាញដទៃទៀត សុទ្ធតែបានចាត់ទុកការឃុំខ្លួនមនុស្ស ដែលធ្វើឡើងដោយអធិការស្រុកឯកភ្នំខាងលើនេះ ពិតជាផ្ទុយនិងនីតិវិធីច្បាប់មែន ៕

ដកស្រង់ពី៖កោះសន្តិភាព