បណ្តាញសង្គម

ឃាត់ខ្លួន​ប្រុសស្រី២នាក់​ ខណៈកំពុងប្រព្រឹត្តជាក់ស្តែង​

ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២ មករា ឆ្នាំ២០២០ ដែលម្នាក់ឃាត់ខ្លួននៅក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង និងម្នាក់ទៀតឃាត់ខ្លួននៅឃុំតាប៉ុន ស្រុកសង្កែ ខណ:ដែលពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។

នាយការិយាល័យប្រឆាំងគ្រឿងញៀនស្តីទី លោកសុខ និមល បានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនបានចំនួន២នាក់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ ដែលមានម្នាក់ឈ្មោះ កែន សុគន្ធ ហៅ ពុយ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះរឿន ឌីណា ហៅឌី ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។

លោកនាយការិយាល័យស្ដីទីរួបនេះបានប្រាប់ថា ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងជំនាញរបស់លោក ដែលមានការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាផង ឃាត់ខ្លួននៅពេលពួកគេកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង តែនៅទីតាំងផ្សេងគ្នា ហើយរឹបអូសបានវត្ថុតាងមួយចំនួនទៀតផង។បើយោងតាមរបាយការណ៏របស់ការិយាល័យប្រឆាំងគ្រឿងញៀននេះ បានឲ្យដឹងថា វត្ថុតាងនានាដែលដកហូតបានពីជនសង្ស័យមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) សរុបចំនួន៨ថង់ សម្ភារ:វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យប្រុស ស្រីទាំង២នាក់ខាងលើនេះ បានឆ្លើយសារភាពទទួលស្គាល់ថា វត្ថុតាងដែលសមត្ថកិច្ចដកហូតទាំងនោះ ពិតជារបស់ខ្លួនប្រាកដមែន ប៉ុន្តែជនទាំង២នាក់នេះ ហាក់មិនទាន់ផ្ដល់ព័ត៌មានលំអិត អំពីប្រភពមេខ្លោងដែលខ្លួនទិញយកមកជួញដូរបន្តនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីជំនាញកំពុងសួរដេញដោលអំពីរឿងនេះ។ មានការកត់សម្គាល់ដែរថា មួយរយៈចុងក្រោយនេះ កម្លាំងប្រឆាំងគ្រឿងញៀន ទាំងនៅតាមបណ្ដាអធិការស្រុក ក្រុង និងស្នងការខេត្ត បានធ្វើការទប់ស្កាត់ និងបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឃាត់ខ្លួនជនប្រព្រឹត្តបានជាច្រើននាក់ រួមទាំងរឹបអូសបាននូវវត្ថុតាងជាច្រើនផងគួរឱ្យកត់សម្គាល់។

ទោះបីជាយ៉ាងណា ក្នុងករណីឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ លោកសុខ និមល នាយការិយាល័យស្ដីទីបានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងបន្តសួរនាំជនសង្ស័យ ដើម្បីវែកមុខបក្ខពួកនិងមេខ្លោងបន្ថែមទៀត មុនពេលកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង២នាក់ និងវត្ថុតាងទៅតុលាការ៕

ដកស្រង់ពី៖កោះសន្តិភាព