បណ្តាញសង្គម

ក្របួច.កបានស្រេច ​ជនកាត់​ទ្វារ​ស័ង្កសី​​លួច​​​ទូរស័ព្ទ​​​ជិត​៨០​គ្រឿង

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី០៧ មករា ដែលពាក់ព័ន្ធនឹងករណីចូលលួចទូរស័ព្ទអស់ជិត៨០គ្រឿង នៅក្នុងស្រុកសង្កែ កាលពីថ្ងៃមុន ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានផ្ដល់ព័ត៌មានបឋមថា ជនសង្ស័យឈ្មោះ វ៉នឡាវ៉ាន់ ណាលិ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ។ ជននោះ ត្រូវបានកម្លាំងការិយាល័យជំនាញស្នងការខេត្ត សហការជាមួយកម្លាំងអធិការស្រុក ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាមួយនឹងវត្ថុតាងមួយចំនួនផង ក្រោយពីស៊ើបអង្កេតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃកន្លងទៅនេះ។

លោកស្នងការរងបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន កម្លាំងជំនាញដកហូតបានទូរស័ព្ទប៉ុន្មានគ្រឿងផងដែរ ដែលជាវត្ថុតាង ។ ពេលនេះ មន្ត្រីជំនាញកំពុងតែសួរនាំជនដៃដល់រូបនេះ ដើម្បីស្វែងរកវត្ថុតាងដទៃទៀតនិងបក្សពួក។សូមបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ មករា ហាងលក់ទូរស័ព្ទមួយកន្លែង នៅភូមិអន្លង់វិល ឃុំអន្កង់វិល ត្រូវជនមិនស្គាល់មុខប្រើកន្ត្រៃកាត់ទ្វារស័ង្កសីចូលលួចយកទូរស័ព្ទគ្រប់ម៉ាកអស់ជិត៨០គ្រឿង និងសម្ភារមួយចំនួន រួចគេចខ្លួនដោយសុវត្ថិភាព។

ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងស្វិតស្វាញអស់រយ:ពេល២ថ្ងៃ ទើបកម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉នឡាវ៉ាន់ ណាលិ អាយុ២២ឆ្នាំ។ប៉ុន្តែជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតទូរស័ព្ទដែលជាវត្ថុតាងបានតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ខណ:រាប់សិបគ្រឿងទៀត ត្រូវជននេះកំពុងលាក់បាំងនៅឡើយ។

ទោះយ៉ាងណា បើតាមលោកជេត វណ្ណនី ស្នងការរងបានបញ្ជាក់ថា កម្លាំងជំនាញកំពុងសួរនាំជនសង្ស័យនេះបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព