បណ្តាញសង្គម

ហ៊ានម៉្លេះ ធ្វើសកម្មភាពបែបនេះ​​​ដាក់​សមត្ថ​កិច្ចទៀត​

រាជធានីភ្នំពេញ ៖ មន្ត្រីសមត្ថកិច្ច២នាក់ខណៈកំពុងធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែត្រូវយុវជនម្នាក់ក្នុងចំណោម២នាក់ធ្វើសកម្មភាពទះក្បាល ហើយសមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជនម្នាក់ជាអ្នកដើរជាមួយ ចំណែកយុវជនជាជនបង្កបានរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ ជឿន ចន្ថា ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ កម្មករលើកអីវ៉ាន់ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើត ឈូកសឃុំ ត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ (ជាអ្នកដើរជាមួយជនបង្ក)។

ចំណែកជនបង្កដែលរត់គេចខ្លួនបាត់ឈ្មោះឆៃ ។តាមប្រភពពីជនសង្ស័យម្នាក់ខាងលើដែលដើរជាមួយជនបង្កហើយត្រូវសមត្ថកិច្ចឃាត់មកសួរនាំបាននិយាយប្រាប់ថា ជនបង្កឈ្មោះឆៃ ជាអ្នកធ្វើការជាមួយគ្នា នៅមុនពេលកើតហេតុ គាត់បានដើរមកពីផ្ទះបងជាមួយក្រុមការងារជាមួយគ្នា ដោយជនបង្កដើរមកជាមួយផងដែរ តែគាត់មិនបានដឹងថា ជនបង្កដែលដើរមកជាមួយបានលាក់កាំបិតបុ័ងតោនោះឡើយ ។តាមប្រភពដដែលបានបន្តថា លុះដើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានសមត្ថកិច្ចនគរបាល២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ដោយពាក់មួកសុវត្ថិភាពទាំង២នាក់ និងមានពាក់អាវពណ៌សពីខាងក្រៅ ។

ពេលនោះគាត់និងជនបង្កដើរឆ្លងផ្លូវ បន្ទាប់មកជនបង្កបានធ្វើសកម្មភាពទះក្បាលសមត្ថកិច្ចចំមួកសុវត្ថិភាពត្រូវមួយដៃ ហើយជនរងគ្រោះជានគរបាលខាងលើចុះពីលើម៉ូតូបានចាប់ទះ២ទៅ៣ដៃវិញ ពេលនោះជនបង្កបានរត់គេចខ្លួនបាត់ នៅសល់គាត់ដែលជាអ្នកដើរជាមួយ ក៏ត្រូវសមត្ថកិច្ចឃាត់យកមកសួរនាំភ្លាមៗនៅប៉ុស្តិ៍នគរបាលចោមចៅ៣។ បន្ទាប់ពីនាំមកធ្វើការសាកសួរ ជនសង្ស័យម្នាក់ដែលដើរជាមួយជនបង្កបានឆ្លើយសារភាពថា គាត់គ្រាន់តែដើរមកជាមួយជនបង្កតែប៉ុណ្ណោះ ហើយមិនបានធ្វើសកម្មភាពវាយនគរបាលទាំង២នាក់ខាងលើនោះឡើយ ។

ចំណែកនគរបាលទាំង២នាក់ខាងលើ ក៏បាន បញ្ជាក់ប្រាប់ថា ជនសង្ស័យដែលឃាត់មកសួរនាំខាងលើពិតជាមិនបានវាយ និងជួយជនបង្កនោះឡើយ គ្រាន់តែឃើញដើរមកជាមួយគ្នាតែប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ នគរបាលទាំង២នាក់ខាងលើ មិនប្តឹងផ្តល់អ្វីទាំងអស់ គ្រាន់តែអោយធ្វើកិច្ចសន្យាណែនាំ និងឱ្យ អាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព