បណ្តាញសង្គម

លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករានេះ អាជ្ញាធរក្រុងព្រៃវែងសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តបានដឹកនាំសិស្សានុសិស្សប្រមាណជាង៨០០នាក់ចេញទៅធ្វើអនាម័យបោសសំអាតសំរាមនៅចំណុចមាត់ច្រាំងទន្លេក្រុងព្រៃវែង ដើម្បីលើកកម្ពស់បរិស្ថានក្រុងឲ្យមានសម្រស់ស្រស់ស្អាតគួរឲ្យចង់គយគន់ ។

លោក ម៉នន្នី បណ្ឌិត អភិបាលក្រុងព្រៃវែងបានលើកឡើងថា សំរាមមិនត្រឹមតែធ្វើឱ្យខូចស្រទាប់ដីនោះទេ ប៉ុន្តែប៉ះពាល់ខ្លាំងទៅលើបរិស្ថាន និងសោភ័ណភាពក្រុងផងដែរ ហើយការងារនេះវាជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាធ្វើ ជាពិសេស គឺប្អូនៗជាយុវជនដែលជាទំពាំងស្នងឬស្សី ជាកោសិកាមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចជា ខេត្តរបស់យើង ដូច្នេះយើងត្រូវតែបណ្តុះគំនិតពួកគាត់អោយយល់ដឹង និងស្រលាញ់បរិស្ថានហើយចូលរួមក្នុងការងារធ្វើអនាម័យសំអាតបរិស្ថានឲ្យបានជាប់ជាប្រចាំ ។

លោកអភិបាលក្រុងបានបន្តទៀតថា មាត់ទន្លេយើងនេះ គឺជាកន្លែងដ៏ពិសេសមួយសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រៃវែងក៏ដូចជា ប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងដែលគាត់តែងតែមកលំហែរកាយ និងកម្សាន្តអារម្មណ៍នៅពេលល្ងាចដូចជា អង្គុយយកខ្យល់អាកាសពិភាក្សាការងារ ពិភាក្សាការសិក្សារៀនសូត្រហាត់ប្រាណ និងជជែកលេងផ្សេងៗ ដើម្បីរំសាយនូវទុក្ខកង្វល់អំពីការងារ និងការរៀនសូត្រផ្សេងៗ ។

ក្នុងពេលចុះធ្វើអនាម័យនេះដែរ លោកជំទាវ លៀង ស្រីម៉ុល អភិបាលរងខេត្តបានថ្លែងកោតសរសើរចំពោះប្អូនៗដែលជាសិស្សានុសិស្សដែលបានចំណាយពេលវេលាមកចូលរួមសំអាតបរិស្ថាននៅក្នុងក្រុងព្រៃវែងនាពេលនេះ ហើយក៏បានសំណូមពរដល់យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមឲ្យចូលរួមសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីឲ្យក្រុងព្រៃវែងក៏ដូចជា ខេត្តព្រៃវែងទាំងមូលមានសោភ័ណ្ឌភាពស្រស់ស្អាត បរិស្ថានល្អ ស្របតាមពាក្យស្លោកថា «សំរាមមិនធ្លាក់ដល់ដីព្រៃវែងកាន់តែស្រស់ស្អាត » ។

លោកជំទាវបានបញ្ជាក់ថា សំរាមវាកើតចេញពីយើងទាំងអស់គ្នាមិនមែនកើតឡើងដោយឯកឯងនោះទេ ដូច្នេះយើងត្រូវតែចូលរួមសម្អាតបរិស្ថានរបស់យើងទាំងអស់គ្នាដោយត្រូវចេះវេចខ្ចប់សំរាម និងយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវនៅពេលបរិភោគ ឬប្រើប្រាស់រួច ៕ 

ដកស្រង់ពី៖កោះសន្តិភាព