បណ្តាញសង្គម

៣នាក់​ទិញមួយកញ្ចប់យកទៅប្រើ មិនទាន់​បាន​ប្រើផង ចប់ត្រឹមសមត្ថកិច្ច​

 

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូច នៅពេលដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ទល់មុខស្ថានប្រេងឥន្ធនៈកាល់តិច ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យចំនួន៣នាក់ខាងលើរួមមាន ១-ឈ្មោះ សុខ ថី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយរលំ ឃុំមួយ ស្រុកស្អាង ខេត្តកណ្ដាល ២-ឈ្មោះ ផន ថី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល និង៣-ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនមួយកញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១BK-២១៥៥ ជារបស់ជនសង្ស័យ ។

លោកអនុសេនីយ៍ឯក វុឌ្ឍ ភូសារាវ័ន្ត បានអោយដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ គឺកម្លាំងនៃគណៈបញ្ជារការឯកភាពខណ្ឌមានជ័យ ដឹកនាំផ្ទាល់ដោយលោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះនិងជាតិស្រវឹង នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈកាល់តិច តាមបណ្តោយផ្លូវជាតិលេខ២ ។

តាមប្រភពដដែលបានបន្តថា នៅពេលដែលកម្លាំងសមត្ថកិច្ចចម្រុះកំពុងតែអនុវត្តការងារ ស្រាប់តែមាន ជនសង្ស័យចំនួន៣នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស មកដល់គោលដៅត្រួតពិនិត្យហើយកម្លាំងសមត្ថកិច្ចក៏សុំធ្វើការត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀនមួយកញ្ចប់តូចនៅជាប់ខ្លួនរបស់ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា៣នាក់ ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅធ្វើការសាកសួរ នៅ ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនមួយកញ្ចប់តូចនេះពិតជារបស់ពួកខ្លួនប្រាកដមែន ដោយពួកខ្លួនទិញក្នុងតម្លៃ៣ម៉ឺនរៀល គោលបំណងយកទៅប្រើប្រាស់រួមគ្នា តែមិនទាន់បានប្រើផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធី ៕


ដកស្រង់ពិ៖កោះសន្តិភាព