បណ្តាញសង្គម

ឃើញដឹកតាមម៉ូតូសណ្តោងរ៉ឺម៉កគួរ​ឱ្យសង្ស័យ ឃាត់សួរនាំបែកធ្លាយ​

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចរន្ទា និងក្តារពុម្ពដឹកតាមម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅប្រទះឃើញរួចក៏ឃាត់ខ្លួនប្រគល់អោយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ រុន ភក្តី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវបេតុង ភូមិអណ្ដូងបី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងម្នាក់ទៀតឈ្មោះ សោ សុខលៀង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មានពីនគរបាលសង្កាត់គោករកាបានឱ្យដឹងថា មុនពេលកើតហេតុ កំលាំងនគរបាលបានចុះល្បាតនៅក្នុងមូលដ្ឋានដែលស្មុគស្មាញ ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើដឹកសំភារៈសំណង់មានរន្ទា និងក្តារពុម្ពចំនួនមួយតាមម៉ូតូសណ្តោងរ៉ឺម៉កនៅពេលយប់រំលងអធ្រាត្រ ដោយមានការសង្ស័យ ទើបពួកគាត់ឃាត់សួរនាំ ទើបជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកខ្លួនបានលួចសំភារៈសំណង់ខាងលើនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពដដែលបានបន្តថា ជនសង្ស័យទាំង២នាក់ខាងលើមិនមែនត្រឹមតែពាក់ព័ន្ធនឹងករណីលួចជាច្រើនលើកនោះឡើយ គឺជនសង្ស័យទាំង២នាក់នេះក៏ជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចកំពុងស៊ើបសង្កេតជាប់ពាក់ព័ន្ធក្នុងករណីជក់ និងចែកចាយថ្នាំញៀនផងដែរ ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើបានឱ្យដឹងថា ជនសង្ស័យឈ្មោះរុន ភក្តី ធ្លាប់លួចចំនួន២ដង ក្នុងនោះលើកទី១-លួចរន្ទានៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងលើកទី២-លួចរន្ទានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យឈ្មោះ សោ សុខលៀង ធ្លាប់លួចចំនួន៥ដង ក្នុងនោះធ្លាប់លួចម៉ូតូ, កង់, មាន់, ស្បែកជើង និងរន្ទាជាច្រើនក្នុងខណ្ឌ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោករកាធ្វើការឃាត់ខ្លួន ដោយរកឃើញថា ជនសង្ស័យខាងលើធ្វើសកម្មភាពលួចនៅក្នុងខណ្ឌពោធិ៍សែនជ័យ ទើបសមត្ថកិច្ចប្រគល់ជនសង្ស័យអោយ ខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព