បណ្តាញសង្គម

​ស្ត្រី​​​​ចំណាស់​​​ស្នេហ៍​ល្បែង​​អាប៉ោង​ឡើងវក់​វីរ

ខេត្តប៉ៃលិន ៖ នគរបាលក្រុងប៉ៃលិន សហការជាមួយនគរបាលប៉ុស្តិ៍បរយ៉ាខា កាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី២០ខែមករាកន្លងទៅ បានចុះបង្ក្រាបល្បែងអាប៉ោង មួយកន្លែងនៅចំណុចបរថ្មី ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតមេអាប៉ោង១គ្រាប់ ចាន១ កំរាល(ហាន់តោ)១ និងបានឃាត់ខ្លួនមនុស្សប្រុសស្រីវ័យចំណាស់ចំនួន៥នាក់ក្នុងនោះស្រី្តម្នាក់ នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ។ប្រភពព័ត៌មានពីនគរបាលឱ្យដឹងថា ជនទាំង៥នាក់នេះមាន ៖

១-ឈ្មោះ ឃុន ហៃ ភេទស្រី អាយុ៥២ឆ្នាំ ជាកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ជាម្ចាស់ផ្ទះ
២- ឈ្មោះ ប៊ុន ចាន់រ៉េត ភេទប្រុស អាយុ៦១ឆ្នាំ ជាកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា
៣-ឈ្មោះ ណម វិន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ
៤-ឈ្មោះ យូ ង៉ែត ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ រស់នៅភូមិបឹងអាជៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង និង៥-ឈ្មោះ ញឹម វៃ ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ។

ប្រភពដដែលបន្តថា ករណីខាងលើនេះក្រោយពីមានការសួរនាំនិងផាកពិន័យរួច កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យារាងចាល រួចឲ្យសាច់ញាតិធានាយកត្រឡប់ទៅផ្ទះវិញ ៕

ដកស្រង់ពី៖កោះសន្តិភាព