បណ្តាញសង្គម

មួយក្រុមប្រមូលផ្តុំគ្នា​មុខក្លិបគួរ​ឱ្យសង្ស័យ លុះឃាត់ឆែកបែកធ្លាយ​

រាជធានីភ្នំពេញ ៖ កំលាំងនគរបាលប៉ុស្តិ៍សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យខណៈចុះល្បាតក្នុងមូលដ្ឋានស្រាប់តែប្រទះឃើញយុវជនចំនួន១១នាក់គួរឱ្យសង្ស័យ លុះពេលឃាត់ឆែកឆេររកឃើញមានថ្នាំញៀនចំនួន១៤កញ្ចប់ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខក្លិបមិតណាយ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង១១នាក់នោះ មិនស្គាល់អត្តសញ្ញាណនោះទេ ។

 

តាមប្រភពព័ត៌មានពីកំលាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា មុនពេលកើតហេតុ លោកលោក ម៉ម វុទ្ធី អធិការខណ្ឌពោធិ៍សែន បានបញ្ជាអោយលោកអធិការរងផ្នែកគ្រឿងញៀនចេញល្បាតដោយសហការជាមួយកំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ និងប៉ុស្តិ៍ចោមចៅទី២ បានចេញល្បាតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចមុខក្លិបមិតណាយ ស្រាប់តែប្រទះឃើញយុវជនមួយក្រុមប្រមូលផ្ដុំគ្នា ។

តាមប្រភពដដែលបានបន្តថា ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានធ្វើការឆែកឆេរឃើញនៅក្នុងខ្លួនជនសង្ស័យម្នាក់ ដែលកំពុងផ្តុំគ្នាខាងលើមានថ្នាំញៀនមួយកញ្ចប់ធំដែលច្រករួមគ្នា បន្ទាប់មកសមត្ថកិច្ច បានចាក់រាប់ឃើញមានថ្នាំញៀនសរុប១៤កញ្ចក់តូច ។

 

តាមប្រភពបានបន្តទៀតថា បន្ទាប់ពីឆែកឃើញមានថ្នាំញៀន ទើបកំលាំងនគរបាលខណ្ឌនិងកំលាំង នគរបាលប៉ុស្តិ៍ដែលសហការគ្នាបានឃាត់ជនសង្ស័យទាំង១១នាក់នោះភ្លាមៗផងដែរ ដើម្បីយកទៅសួរនាំនិងពិនិត្យមើលរកសារធាតុញៀននៅអធិការខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើកំពុងតែឃុំខ្លួនបណ្តោះអាសន្នរង់ចាំមន្ត្រីជំនាញចុះពិនិត្យរកសារធាតុញៀន បើរកមិនឃើញមានសារធាតុញៀនទេនោះ គឺសមត្ថកិច្ចធ្វើការណែនាំអប់រំរួចអោយត្រឡប់ទៅវិញ តែបើពិនិត្យឃើញមានសារធាតុញៀនវិញ គឺសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព