បណ្តាញសង្គម

សកម្មភាព​ចោរ​គាស់​​លួច​ទូរស័ព្ទ​​ក្នុង​ហាង​កាន់​​តែ​ផុសផុល​​នៅ​ស្រុក​សង្កែ

ខេត្តបាត់ដំបង ៖ ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់មុខគាស់ទម្លុះជញ្ជាំងចូលលួចយកទូរស័ព្ទដែលមានម៉ាកចំរុះអស់ជាង៤០គ្រឿង ដែលគេសន្និដ្ឋានអាចកើតឡើង នៅចន្លោះវេលាចន្លោះពីម៉ោង៣ ទៅដល់ម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ មករា ស្ថិតនៅចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ រួចគេចខ្លួនដោយសុវត្ថិភាព ។

របាយការណ៍របស់មន្ត្រីមូលដ្ឋានបានឲ្យដឹងថា មន្ត្រីជំនាញបានចុះទៅពិនិត្យទីតាំងកើតហេតុនោះហើយ តែគេមិនទាន់អាចកំណត់អត្តសញ្ញាណជនដៃដល់ ហើយក៏មិនទាន់ដឹងថា ជនដៃដល់មានបក្សពួកប៉ុន្មាននាក់ដែរ ។

ដោយឡែក ម្ចាស់ហាងទូរស័ព្ទឈ្មោះយ៉ាន ប៑ុនណា ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរលក់ដូរ រស់នៅភូមិដំបូកខ្ពស់ ឃំុអូរដំបង២ ស្រុកសង្កែ។

ម្ចាស់ហាងទូរស័ព្ទបាននិយាយប្រាប់សមត្ថកិច្ចថា ជនល្មើសបានកាត់ទម្លុះជញ្ជាំងស័ង្កសី លូនចូលទៅខាងក្នុងរួចរើកកាយយកទូរស័ព្ទនៅក្នុងទូ ខណ:ខ្លួនកំពុងដេកលក់ លុះព្រឹកឡើងទើបដឹងថា បាត់ទូរស័ព្ទអស់ជាច្រើនគ្រឿង ។

ជនរងគ្រោះបានឱ្យដឹងថា សម្ភារដែលបាត់បង់រួមមាន ទូរស័ព្ទម៉ាកហូវៃចំនួន១៣គ្រឿង(ថ្មី), ម៉ាកវីវ៉ូចំនួន១៣គ្រឿង(ថ្មី), ម៉ាកហៃយ៉ាចំនួន១២គ្រឿង(ថ្មី) និង ម៉ាកសាំសុង០៧គ្រឿង(ថ្មី) ដែលសរុប៤៥គ្រឿង។

ពាក់ព័ន្ធអំពើចោរកម្មក្នុងបទល្មើសដដែលៗនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា មន្ត្រីជំនាញទាំង២ការិយាល័យនៃស្នងការខេត្ត បានសហការគ្នាចុះពិនិត្យទីតាំងកើតហេតុ តែយើងមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។

លោកស្នងការរងបានបញ្ជាក់ថា បើតាមការពិនិត្យកន្លែងកើតហេតុ ជនដៃដល់បានប្រើប្រាស់កន្ត្រៃកាត់ជញ្ជាំងស័ង្កសី រួចលូនចូលទៅខាងក្នុងលួចយកទូរស័ព្ទនៅក្នុងទូអស់ជាង៤០គ្រឿង ។

ប៉ុន្តែយ៉ាងណា ពេលនេះ មន្ត្រីជំនាញកំពុងដុតដៃដុតជើង ដើម្បីធ្វើការស៊ើបអង្កេតលើករណីនេះហើយ។

 

គួរំលឹកថា អំពើចោរកម្ម (គាស់ទម្លុះទំលាយលំនៅឋាន) ដូចករណីខាងលើនេះ បានកើតឡើងជាបន្តបន្ទាប់នៅក្នុងស្រុកសង្កែ ដែលធ្វើឱ្យសមត្ថកិច្ចស្ទើរវិលក្បុង ខណ:មុខសញ្ញាចាស់នៅតែមិនទាន់អាចបង្ក្រាបបាន ហើយបទល្មើសថ្មី និង រូបភាពដដែលៗចេះតែកើតឡើងបន្តបន្ទាប់ទៀត ។

ការគាស់ទម្លុះទំលាយហាងលក់ទូរស័ព្ទ កាលពីដើមខែមករានេះ នៅភូមិអន្លង់វិល ឃុំអន្កង់វិល ដែលលួចបានជិត៨០គ្រឿង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងដកហូតបានទូរស័ព្ទប៉ុន្មានគ្រឿងផងដែលជាវត្ថុតាង តែត្រូវបានដោះលេងវិញ នៅតុលាការក្រោយពីមានការសុំធានាពីមេធាវី ។

ប៉ុន្តែរហូតដល់ពេលនេះ ស្រាប់តែលេចមុខជនល្មើសចេញធ្វើសកម្មភាពគាស់ហាងលួចយកទូរស័ព្ទជាថ្មីទៀត ដែលធ្វើឲ្យសមត្ថកិច្ចឈឺក្បាលយ៉ាងខ្លាំង ។ ព្រោះតែបទល្មើសចាស់មិនទាន់បំបែបបានផង បែរជាបទល្មើសថ្មីកើតឡើងបន្ថែមទៀត ។

ដកស្រង់ពី៖កោះសន្តិភាព