បណ្តាញសង្គម

ខ្លាំងម៉្លេះ ហ៊ាន​ប្រព្រឹត្ត​បែបនេះ​លើមន្ត្រី​សមត្ថកិច្ចទៀត​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ខណៈជិះម៉ូតូធ្វើដំណើរទៅផ្ទះ ស្រាប់តែមានបុរសម្នាក់ទៀតសង្ស័យខឹងរឿងបុរសជាសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនមើលមុខ ក៏ទូរស័ព្ទហៅគ្នាទៅព្រួតវាយតាមផ្លូវ បណ្តាលឱ្យជនរងគ្រោះរងរបួសហើមមុខមួយចំហៀង បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកឃាត់ខ្លួនជនសង្ស័យបានម្នាក់យកទៅសួរនាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅចំណុចក្បែរលូស្វាយប៉ាក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។បុរសរងគ្រោះជាមន្ត្រីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនខាងលើមិនស្គាល់ឈ្មោះនោះទេ ។

តាមប្រភពព័ត៌មានពីបុរសជាមន្ត្រីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនខាងលើបានអោយដឹងថាមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២០ ចេញពីកន្លែងធ្វើការក្នុងគោលបំណងធ្វើដំណើរទៅផ្ទះនៅម្តុំគីឡូម៉ែត្រលេខ១២ លុះមកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជាជនបង្កបានទូរស័ព្ទហៅ បក្ខពួកមានទាំងរថយន្ត មានទាំងម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ខ្មៅ ដែលជាម៉ូតូរបស់ជនបង្កបានធ្វើសកម្មភាពវាយមកលើគាត់ចំនួន៣ទៅ៤ដៃ បណ្តាលឱ្យរងរបួសហើមមុខហើមមាត់ ពេលនោះក៏មានការប្រតាយប្រតប់គ្នាដែរ រួចដកយកកាតរបស់គាត់ទៅបាត់ថែមទៀតផង ។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះដែរ បក្ខពួករបស់ជនបង្កនាំគ្នារត់គេចខ្លួនអស់គឺសមត្ថកិច្ចឃាត់បានតែម្នាក់ឈ្មោះកែវ រ៉ូសាហ្សាណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់អីវ៉ាន់ ស្នាក់នៅផ្ទះលេខ701S ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

 

សមត្ថកិច្ចបានបន្តទៀតថា រឿងហេតុខាងលើនេះគឺមកពីជនបង្ករៀងស្រវឹងស្រាខឹងមើលមុខឌឺដងដាក់ក៏កើតជារឿងហេតុបែបនេះតែម្តង ។

បើតាមសំដីស្ត្រីជាប្រពន្ធរបស់ជនបង្កសុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា គាត់ក៏មិនដឹងរឿងហេតុខាងលើកើតចេញពីអ្វីឱ្យប្រាកដដែរ គឺប្តីរបស់គាត់ទូរស័ព្ទប្រាប់ថា មានរឿងហើយ ទើបគាត់ជាប្រពន្ធនាំគ្នាចេញពីផ្ទះក៏ទៅមើលតែម្តង ។

ក្រោយពេលកើតហេតុ បុរសជាសមត្ថកិច្ចខាងមន្ទីរប្រឆាំងញៀនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយប៉ាកដើម្បីអោយសមត្ថកិច្ចមូលដ្ឋានចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព