បណ្តាញសង្គម

ចិន​២​នាក់​គួរ​ឱ្យ​សង្ស័យ​ពេក​ប៉ូលិស​កាក់​ឆែកឆេរ​ស្រាប់តែ​នឹក​ស្មាន​មិន​ដល់

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការឲ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីកាន់កាប់ រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ និង ប៉ុនប៉ងប្រព្រឹត្តបទល្មើសដោយឃាត់ខ្លួនជនជាតិចិន២នាក់ និងដកហូតអាវុធខ្លី១ដើម នៅចំណុចអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ។

ជនជាតិ២នាក់នោះម្នាក់ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិត ប្រាកដ គ្មានលិខិតឆ្លងដែន និងម្នាក់ទៀតឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបង្ហើបឲ្យដឹងថា នៅវេលាម៉ោងខាងលើកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្តបានចេញល្បាតតាមដងផ្លូវក្នុងក្រុងព្រះសីហនុ ស្រាប់តែប្រទះឃើញរថយន្ត១គ្រឿងម៉ាក HighLander ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខខាងមុខ ព្រៃវែង 2A-0718 ចំណែកខាងក្រោយអត់មានទេ បើកបរដោយជនជាតិចិន ។

ពេលឃើញរថយន្តនោះសមត្ថកិច្ចក៏ដាក់ការសង្ស័យ និងបានហៅរថយន្តឲ្យឈប់ដើម្បីត្រួតពិនិត្យ ប៉ុន្តែរថយន្តនោះមិនព្រមឈប់ទេ ថែមទាំងបើកយ៉ាងលឿនប៉ុនប៉ងគេចចេញពីសមត្ថកិច្ច ។

ឃើញដូច្នោះកម្លាំងល្បាតបានធ្វើការប្រដេញតាមឃាត់រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់បានពេលនោះទើបដឹងថា មានជនជាតិចិនចំនួន៣នាក់ តែម្នាក់បានស្ទុះរត់ចេញពីក្នុងរថយន្តបាត់នៅសល់តែ២នាក់ត្រូវបានឃាត់ខ្លួន ។

 

បន្ទាប់មកសមត្ថកិច្ចបានធ្វើការឆែកឆេរត្រួតពិនិត្យក្នុងរថយន្តរកឃើញផ្លាកលេខចំនួន២សន្លឹក,ទូរស័ព្ទដៃចំនួន៤គ្រឿង, ខ្នោះដៃចំនួន៤គូ, សោរខ្នោះចំនួន៤ និងកាំភ្លើងខ្លី១ដើម បង់១មាន៨គ្រាប់ ។

ក្រោយពេលត្រួតពិនិត្យគ្រប់ជ្រុងជ្រោយហើយជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបាននាំទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព