បណ្តាញសង្គម

ប្រព្រឹត្ត​ដាក់​នាង​ហើយ​ខំ​រត់​ពី​ស្រុក​អង្គ​ស្នួល​ដល់​ខណ្ឌ​កំ​បូល តែ​ចប់​ត្រឹម​អស់​សាំង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិព្រែករកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយមកត្រូវបានសមត្ថកិច្ចសហការគ្នា ព្រមទាំងប្រជាពលរដ្ឋដេញតាមឃាត់ខ្លួនបានភ្លាមៗផងដែរនៅម្ដុំជិតវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ សួង សុខម៉ែង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ២-ឈ្មោះ ជ្រឹង វេហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលេងភ្លេងពិណពាទ្យ ស្នាក់នៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល និង៣-ឈ្មោះ សេង មករា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ កម្មកររោងការ ស្នាក់នៅត្រពាំងស្រក្រម ឃុំបែកចាន ស្រុកអង្គស្នួល ជាម្ចាស់ម៉ូតូ។

ហើយម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពម៉ាកហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HX-9638 ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់ម៉ាក អាយហ្វូន 7plus។

តាមប្រភពពីសមត្ថកិច្ចកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនកើតហេតុ នារីរងគ្រោះម្នាក់បានជិះម៉ូតូម៉ាកស្កុបពី១គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យខាងលើបានឆក់ទូរស័ព្ទពីនារីរងគ្រោះ ដែលកំពុងនិយាយទូរស័ព្ទ ហើយក៏ជិះរត់គេចចេញពីកន្លែងកើតហេតុ រហូតដល់មកដល់ទឹកដីខណ្ឌកំបូល។

សមត្ថកិច្ចបន្តថា ខណៈពេលនោះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានតេតាមទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចនគរបាលខណ្ឌកំបូលភ្លាមៗផងដែរ ហើយក៏មានប្រជាពលរដ្ឋដេញតាមពីក្រោយជនសង្ស័យទៀត ។

បន្ទាប់មកកម្លាំងបានសហការគ្នា រួចក៏ឃើញជនសង្ស័យខាងលើភ្លាម ក៏បាននាំគ្នាដេញ តែសំណាងល្អម៉ូតូជនសង្ស័យអស់សាំង ក៏ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ ចំណែក២នាក់ទៀតរត់ចូលក្នុងព្រៃបាត់ ។

 

ក្រោយពេលកើតហេតុ កម្លាំងនគរបាលខណ្ឌកំបូល បានប្រគល់ជនសង្ស័យទាំង៣នាក់ព្រមទាំងម៉ូតូ រួមទាំងវត្ថុតាង ប្រគល់ទៅឱ្យសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរ នឹងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព