បណ្តាញសង្គម

មិត្តភក្តិ​បបួល​! ដើរ​ចេញពីផ្ទះ​មិន​ដល់​ហាង​ផង ស្រាប់តែ​ត្រូវ​គេ​វាយ​ប្លន់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ដើរចេញពីផ្ទះ ក្នុងគោលបំណងទៅហូបអាហារជាមួយមិត្តភ័ក្ដិ ខណៈពេលដើរបណ្តើរ និយាយទូរស័ព្ទ ស្រាប់តែមានជនសង្ស័យ១ក្រុមវាយប្លន់យកទូរស័ព្ទ iPhone 11pro និងកាបូបលុយយកទៅដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២អធ្រាត្រ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវ១៦៣ កែងនឹងផ្លូវ ៤៥៦ ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបកប្រែភាសាចិន ស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ចំណែកសម្ភារៈដែលបាត់បង់មានទូរស័ព្ទម៉ាក iphone 11pro មួយគ្រឿង និងកាបូប ដែលមានលុយមួយ ចំនួន ។

តាមសម្ដីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ត្រូវមិត្តភក្ដិទូរស័ព្ទបបួលមកញុំាអាហារនៅខាងក្រៅផ្ទះ ពេលនោះដែររូបគាត់ជាជនរងគ្រោះក៏ដើរចេញពីផ្ទះ ដោយថ្មើរជើងតាមបណ្ដោយផ្លូវ ៤៥៦ ពីកើតទៅលិច បានបន្តិច ដោយដើរបណ្តើរនិយាយទូរស័ព្ទបណ្ដើរ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មួយគ្រឿងម៉ាកស្កុបពី និងមួយគ្រឿងទៀតមិនចាំម៉ាក បានមកធ្វើសកម្មភាពវាយរូបគាត់១ដៃ ព្រមទាំងលូកយកកាបូបលុយក្នុងហោប៉ៅខាងក្រោយ និងបក្សពួកម្នាក់ទៀតក៏ឆក់ទូរស័ព្ទ iphone 11pro របស់គាត់ ហើយក្រុមជនសង្ស័យទាំងនោះ ក៏នាំគ្នាជិះម៉ូតូរត់គេខ្លួនបាត់អស់តែម្ដង ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីជនសង្ស័យយករបស់គាត់ទៅអស់ហើយ រូបគាត់ជាជនរងគ្រោះបានខ្ចីទូរស័ព្ទអ្នកដំណើរដទៃទៀត តេរកមិត្តភ័ក្ដិ ក៏ដូចជាសមត្ថកិច្ចឱ្យមកកន្លែងកើតហេតុ ដើម្បីសួរនាំពីហេតុការណ៍ដែលកើតឡើងផងដែរ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូង១ ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា ៕

ដកស្រង់ពី៖កោះសន្តិភាព