បណ្តាញសង្គម

ស្ងាត់​ៗ​ម្ចាស់​កំពុង​តែ​លង់លក់​ស្កប់ស្កល់​មានអី​ជាមួយ​បក្សពួក​លេង​លួច​ទាំង​កណ្តាលអធ្រាត្រ

ខេត្តសៀមរាប ៖សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បើតាមលោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានប្រាប់នៅវេលាម៉ោង៣និង១៥នាទី ថ្ងៃទី០៦ ខែកុម្ភៈនេះថា ឣំពើលួចមានស្ថានទម្ងន់ទោស(សហចារី) លួចគោនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រថ្ងៃទី០៦ ខែកុម្ភៈនេះ ស្ថិតនៅចំណុចភូមិបង្កោង ឃុំឣំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សេចក្តីរាយការណ៍បានបន្ត នៅថ្ងៃទី០៦ ខែកុម្ភៈ នៅវេលាម៉ោង១រំលងឣធ្រាត្រកម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានធ្វើការល្បាតក្នុងភូមិសាស្ត្រស្រុកក៏ប្រទះឃើញម៉ូតូសណ្តោងរ៉ឺម៉កសម្រាប់ដឹកគោមួយគ្រឿង (គ្មានគោ) ដោយមានការសង្ស័យសមត្ថកិច្ចយើងបានតាមឃ្លាំមើល ឃើញម្ចាស់រ៉ឺម៉ក បានទូរស័ព្ទទាក់ទង ហើយជួបគ្នាជាមួយមនុស្សម្នាក់ទៀត ជិះម៉ូតូម៉ាកស៊ូម័រឣិច ពណ៌ក្រហម បន្ទាប់មកឃើញមនុស្ស២នាក់ទៀត ដឹកគោចំនួន២ក្បាលមករកដាក់រ៉ឺម៉ក សមត្ថកិច្ចយើងក៏ចូលទៅបង្ក្រាបបានម្ចាស់រ៉ឺមកម្នាក់ ចំណែកឣ្នកដឹកគោ២នាក់ បានលេងគោចោល ហើយរត់ចូលព្រៃបាត់ម្នាក់ដែលជិះម៉ូតូបានជិះគេច ហើយកម្លាំងយើងក៏ជិះតាមចាប់បាន ។

ក្រោយធ្វើការសាកសួរលើជនសង្ស័យទាំង២នាក់មាន ១.ឈ្មោះ សៅ ភ្លឿយ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិត្រាវគៀត ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

២.ឈ្មោះ សំ ជា ភេទប្រុស អាយុ50ឆ្នាំ ភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចគោចំនួន២ក្បាលពិតប្រាកដមែន ដោយមានបក្សពួក២នាក់ទៀត គឺឈ្មោះ បារាំង និងឈ្មោះ ឌី ដែលរត់គេចខ្លួនបាត់ ។

ហើយបានឆ្លើយបន្ថែមថា កន្លងមកពួកខ្លួនបានធ្វើ សកម្មភាពលួចគោនៅស្រុកប្រាសាទបាគងបាន២លើក នៅស្រុកសូទ្រនិគមចំនួន៤លើក និងស្រុកជីក្រែងចំនុច១លើក ។

លោកបានបញ្ជាក់ថា ដោយយោងតាមបណ្តឹងរបស់ឈ្មោះ ភិម ឈង់ ភេទប្រុស ឣាយុ៦២ឆ្នាំ រស់នៅភូមិបង្កោង ឃុំឣំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានបំភ្លឺថា គាត់បានចងគោទុកនៅខាងជើងផ្ទះលុះប្រហែលម៉ោង៣ទៀបភ្លឺស្រាប់តែបាត់គោ ក្រោយមកលឺថា សមត្ថកិច្ចចាប់បានចោរលួចគោពេលមកមើលគោនោះ គឺជាគោរបស់គាត់ពិតមែន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

ចំណែកសត្វគោចំនួន២ក្បាល ប្រគល់ឱ្យម្ចាស់យកទៅផ្ទះវិញ ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព