បណ្តាញសង្គម

មុខសញ្ញា​ដ៏​ល្បី​លេងល្បិច​ម៉ា​ស្អាត​ដាក់​យុវជន​ម្នាក់ ចប់​ត្រឹម​បណ្តើរ​ម៉ូតូ​មុខ​ប្រជា​​ការពារ

ខេត្តត្បូងឃ្មុំ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជាមុខសញ្ញាកាច់សោ.កម៉ូតូយ៉ាងសកម្មដ៏ល្បីម្នាក់ បានប្រើល្បិចម៉ាស្អាតដាក់យុវជនម្នាក់ ដើម្បីលួចម៉ូតូ១គ្រឿងម៉ាក C125 សេរី2020 ហើយខណៈពេលកំពុងតែបណ្ដើរចេញពីវត្តនោះ ស្រាប់តែត្រូវបានប្រជាការពារឃើញ ក៏ហៅមកសួរនាំ រួចក៏ចាប់ខ្លួនតែម្ដង ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវត្តពោធិយាវិហារខ្ពស់ ស្ថិតក្នុងភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ។

លោកវរសេនីយ៍ឯក ឈន សុធន់ អធិការនគរបាលក្រុងសួង បានប្រាប់ថា ជនសង្ស័យខាងលើឈ្មោះ សុខ ភី ហៅសុខពៅ ឬហៅនូរ៉ា អាយុ៤៥ឆ្នាំ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិថ្មី ឃុំថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយវត្ថុតាងដកហូតបានដូចជា ម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ សេរីឆ្នាំ2020 ជារបស់អ្នករងគ្រោះ រួមជានឹងឧបករណ៍កាច់សោ.កម៉ូតូផងដែរ។

ចំណែកម្ចាស់ម៉ូតូឈ្មោះ សោម រស់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានកូនប្រុសឈ្មោះ អុល មិនា យកទៅជិះ។លោកអធិការបានឱ្យដឹងបន្តថា ម៉ូតូដែលត្រូវចោរលួចនោះ គឺត្រូវបានកូនប្រុសរបស់ជនរងគ្រោះយកទៅជិះចេញពីផ្ទះមកលេងនៅវត្តវិហាខ្ពស់នៅយប់ថ្ងៃទី៥ កុម្ភៈ ក្នុងពិធីបុណ្យផ្កាសាមគ្គី ។

ហើយមុនពេលកើតហេតុ កូនប្រុសរបស់ជនរងគ្រោះបានផ្ញើម៉ូតូទុកនៅកន្លែងគេទទួលផ្ញើត្រឹមត្រូវ និងចាក់សោ.កថែមទៀត ចំណែកសំបុត្រផ្ញើវិញគឺដាក់នៅក្នុងកែបម៉ូតូ។

ប្រភពដដែលបន្តថា ពេលនោះជនសង្ស័យបានឃើញ ក៏ប្រាប់មកកូនប្រុសជនរងគ្រោះថា កុំឱ្យចាក់សោ.ក ព្រោះគេពិបាកបណ្ដើរ។

ខណៈនោះកូនប្រុសជនរងគ្រោះនឹកស្មានតែអ្នកផ្ញើសំបុត្រក៏បានត្រឡប់មកចាក់បើកសោ.កម៉ូតូវិញ រួចក៏ដើរលេងក្នុងបរិវេណវត្តបាត់ទៅ។

ដោយឃើញឱកាសល្អជនសង្ស័យបានចូលមកយកប្រដាប់កាច់សោ.កម៉ូតូ រួចមកចាក់គាស់សោកែប ដើម្បីយកសំបុត្រផ្ញើម៉ូតូ រួចក៏បណ្ដើរចេញទៅ។

លុះពេលបណ្តើរមកដល់ត្រង់ចំណុចគណៈកម្មការវត្តដែលមានកម្លាំងប្រជាការពារឈរយាមជាច្រើននាក់បានឃើញក៏មានការសង្ស័យ រួចហៅសួរនាំ និងត្រួតពិនិត្យ ស្រាប់តែឃើញស្នាមកាច់សោកែបម៉ូតូ ក៏ធ្វើការឃាត់ខ្លួនតែម្ដង។

ក្រោយមកកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់សួង មកទទួលយកបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីសួរនាំ ហើយជននេះក៏ឆ្លើយសារភាពថា រូបគេធ្វើសកម្មភាពនៅក្រុងសួងទើបតែម្ដងនេះទេ។

អធិការនគរបាលក្រុងសួងបញ្ជាក់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជននេះគឺជាមុខដ៏សកម្មខាងកាច់សោ.កម៉ូតូ ហើយធ្លាប់ធ្វើសកម្មភាពក្នុងនោះមានដូចជា នៅខេត្តកំពង់ចាម ខេត្តមណ្ឌលគិរី និងតាមបណ្ដាខេត្តមួយចំនួនទៀតផង។

ហើយកាលពីប៉ុន្មានឆ្នាំមុននេះ ជនរូបនេះបានប្រើបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះសារ ដោយគេបានស្រឡាញ់ស្រីម្នាក់ ក្នុងពេលដែលរស់នៅរាជធានីភ្នំពេញមួយរយៈខ្លី។ ទោះជាបែបនេះក្តី ត្រូវបានគេចែកចាយតគ្នា ហើយកម្លាំងសមត្ថកិច្ចក៏ស្គាល់ថា ជនដែលបង្ហោះតាមបណ្ដាញសង្គមនេះ គឺជាមុខសញ្ញាកាច់សោ.កម៉ូតូ។

ហើយខណៈពេលបញ្ជូនមកដល់អធិការរដ្ឋាននគរបាលក្រុងសួង សួនាំជននេះបានធ្វើពុតជាឈឺនេះ ឈឺពេញក្នុងខ្លួនប្រាណ សូម្បីតែសមត្ថកិច្ចថតរូបក៏ពិបាកបន្តិចផងដែរ។

អធិការក្រុងសួងបញ្ជាក់ថា ម៉ូតូត្រូវបានប្រគល់ជូនទៅឲ្យភាគីរងគ្រោះវិញ ចំណែកជនសង្ស័យ ត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅឱ្យអយ្យការសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព