បណ្តាញសង្គម

ចុះឆ្មក់​២ភូមិ​ ប្រមូលប្រុសស្រីជិត​១០​នាក់​

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញនគរបាលអធិការក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងភូមិចំនួន២ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ និងវត្ថុតាងថ្នាំញៀនមួយចំនួន ។

ប្រតិបត្តិការខាងលើនេះបានធ្វើកាលពីវេលាម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៧យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំនួនពីរ គឺភូមិបរឌិននៀវ និងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ដំបូងឡើយកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណុះ ហ្វរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចខាងក្រោយវិហារអ៊ិស្លាម ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយរឹបអូសបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន៣កញ្ចប់តូច និង១កញ្ចប់ធំ។

តាមប្រភពដដែលបានបន្តថា ក្រោយពីមានការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក កម្លាំងជំនាញក៏បានបន្តធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ដែលជាអ្នកជួញដូរគ្រឿងញៀនខុសច្បាប់នៅចំណុចកន្លែងចិញ្ចឹមមាន់មួយកន្លែង ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយរឹបអូសបានវត្ថុតាងរួមមានម្សៅក្រាម ពណ៌សថ្លា (សង្ស័យម៉ាទឹកក) ចំនួន៧កញ្ចប់តូច និង៣កញ្ចប់ធំ ។

បន្ទាប់មកទៀត រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែលក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុខាងលើផងដែរ។

តាមប្រភពដដែលបានបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមមាន ១-ឈ្មោះ ណុះ ហ្វរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចខាងក្រោយព្រះវិហារអ៊ិស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អ្នកជួញដូរគ្រឿងញៀន ៣-ឈ្មោះ ភូ រ៉ា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជាប្រពន្ធជនសង្ស័យជួញដូរគ្រឿងញៀន ។

៤-ឈ្មោះ សំ រិទ្ឋ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវជាប្រពន្ធ ជនសង្ស័យជួញដូរគ្រឿងញៀន ៥-ឈ្មោះ សា វីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) ៦-ឈ្មោះ ណេង សុភា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន) និង៧-ឈ្មោះ សាន់ ញាក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរច្នៃត្បូង រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន (មានផ្ទុកសារធាតុញៀន)។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ខាងលើត្រូវបានកម្លាំងជំនាញកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព