បណ្តាញសង្គម

សមត្ថកិច្ច​រាជធានីនិងតាកែវ សហការ​​ចាប់​ចោរ​​បាន​យ៉ាង​ជោគ​ជ័យ​

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ បានរៀបចំប្រគល់មុខសញ្ញា២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងបាញ់សម្លាប់មនុស្សនៅស្រុកបាទី ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបើកការស៊ើបអង្កេតបន្ត ដែលមុខជនសង្ស័យជាមុខសញ្ញាទាំង២នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាន និងខេត្ត បានប្រឹងប្រែងសហការគ្នាបង្ក្រាបរហូតចាប់ខ្លួនបាន នេះ ។

ជនសង្ស័យជាមុខសញ្ញាម្មាក់ឈ្មោះ ថូ ថុន ហៅផូ ថុន អាយុ៤២ឆ្នាំ និងម្នាក់ឈ្មោះ ផុន រិទ្ធី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ។

ទាក់ទិនករណីនេះ លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យត្រូវបានធ្វើឡើង កាលពីនៅថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យជាមុខសញ្ញាធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តតាកែវ ហើយជាក់ស្តែង កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ថូ ថុន ហៅផូ ថុន បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើប្រាស់អាវុធ) បាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ កង នី ចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ (ទំនាស់រឿងប្តីចុង ប្តីដើម) ។

លោកវរេសនីយ៍ទោ ហែម បូណា ប្រធានការិយល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដែរថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់នៅផ្លូវលំ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ដោយយកបានម៉ូតូមួយគ្រឿងម៉ាក Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1AG-0104 ដោយបាញ់ជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើង ។

ហើយជនសង្ស័យឈ្មោះ ថូ ថុន ហៅ ផូ ថុន ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពត រយៈពេល១៣ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សដែរ ។

បន្ទាប់ពីសាកសួរយកចម្លើយពាក់ពន្ធបទល្មើសបាញ់ប្រហារ នឹងសកម្មភាពប្លន់នៅខេត្តតាកែវច្រើនករណី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព