បណ្តាញសង្គម

ជាប់គុកនៅថៃមិនរាង ​បែរជា​លួចចូល​បន្ទប់ស្ត្រីម្នាក់ អស់លក្ខណ៍ត្រឹមស្រែក​

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាលួច និងធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃ៣ឆ្នាំពីបទលួចកាច់កម៉ូតូ លុះពេលចេញមកវិញនៅតែមិនរាងចាល បែរជាធ្វើសកម្មភាពចូលលួចកាបូបលុយរបស់ស្ត្រីម្នាក់ក្នុងបន្ទប់ ហើយត្រូវស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ស្រែកផ្អើលឆោឡោដល់បងប្អូននាំគ្នាជួយដេញចាប់បាន និងប្រគល់ឱ្យនគរបាលស្រុកកណ្តាលស្ទឹងយកទៅធ្វើការសាកសួរតែម្តង។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៥នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះបុណ្យសព ក្នុងភូមិឃ្មុត ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ចេ កញ្ញា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀន ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌរាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ អៀង ចន្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្រគរ ឃុំក្រគរ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារនៅប្រទេសថៃ៣ឆ្នាំ ពីបទ លួចកាច់កម៉ូតូ)។

នគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានចូលមកលួចលុយនៅក្នុងផ្ទះស្ត្រីរងគ្រោះដែលកំពុងធ្វើពិធីបុណ្យសពឪពុក នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពដដែលបានបន្តថា ពេលនោះជនសង្ស័យបានកាន់អាវុធខ្លី១ដើមម៉ាកk59 ចូលទៅលួចលុយនៅក្នុងបន្ទប់របស់ស្ត្រីរងគ្រោះដែលសំរាកនៅក្នុងបន្ទប់នោះ លុះពេលជនសង្ស័យកំពុងធ្វើសកម្មភាពលួចកាបូបលុយ ស្រាប់តែស្ត្រីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏ស្រែកថាចោរៗ ។

ភ្លាមនោះជនសង្ស័យបានយកកាបូបស្ពាយដាក់លុយរបស់ស្ត្រីរងគ្រោះរត់ចេញមកក្រៅ តែត្រូវបានបងប្អូនរបស់ស្ត្រីរងគ្រោះនាំគ្នាដេញចាប់បាន រួចប្រជាពលរដ្ឋនាំគ្នាវាយម្នាក់មួយដៃមួយជើង ហើយរាយការណ៍ជូនសមត្ថកិច្ចចុះទៅកន្លែងកើតហេតុ និងបញ្ជូនខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងធ្វើការសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

ដកស្រង់ពិ៖កោះសន្តិភាព