បណ្តាញសង្គម

១គ្រួសារ​​ធ្វើសកម្មភាព​​ច្រើនលើក តែរត់រួច មកអស់លក្ខណ៍ត្រឹមបន្ទប់ជួល​

រាជធានីភ្នំពេញ ៖ បុរស២នាក់និងស្ត្រីម្នាក់ដែលត្រូវជាប្ដីប្រពន្ធ និងប្អូនជីដូនមួយនឹងគ្នាត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួន បន្ទាប់ពីកម្លាំងនគរបាលធ្វើការស្រាវជ្រាវអស់ជាច្រើនថ្ងៃសង្ស័យថា ជនទាំង៣នាក់នេះបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូបានសម្រេចជាបន្តបន្ទាប់ច្រើនលើកកាលពីពេលកន្លងមកហើយតែងតែមានវាសនាបានគេចរួចខ្លួនរហូតនោះ។

ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ រួមមាន១-ឈ្មោះពុង ម៉េងលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ត្រូវជាបងប្អូនជីដូនមួយរបស់ស្ត្រីឈ្មោះសុខ ពៅ ២-ឈ្មោះ សុខ មាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ត្រូវជាប្តី និង៣-ឈ្មោះ សុខ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ត្រូវជាប្រពន្ធ និងជាបងប្អូនជីដូនមួយរបស់ឈ្មោះពុង ម៉េងលាង ។

ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ និងបងប្អូនជីដូនមួយស្នាក់នៅបន្ទប់ជួលជាប់គ្នា នៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិត្នោត ឃុំស្រីសន្ធរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមជាមួយគ្នាផងដែរ។តាមប្រភពដដែលបានបន្តថា កន្លងមក ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចកាច់សោកម៉ូតូនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យបានសម្រេចជាបន្តបន្ទាប់ ហើយតែងតែរត់គេចខ្លួនរួចរហូត ។

ក្រោយពីមានសកម្មភាពខាងលើនោះកើតឡើង កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌ បានចេញធ្វើការស្រាវជ្រាវតាមជំនាញនិងតាមរយៈកាមេរ៉ាសុវត្ថិភាពផងទើបកំណត់បានមុខសញ្ញាជនសង្ស័យ ។

លុះដល់វេលាម៉ោងកើតហេតុខាងលើ ទើបឈានដល់ការចុះទៅបង្ក្រាបនិងចាប់ខ្លួនបាននៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នគរបាលបានដកហូតសម្ភារៈមួយចំនួនរួមមានស្លាកលេខម៉ូតូចំនួន២បន្ទះ, សោ.សម្រាប់ដោះគ្រឿងម៉ូតូ, ឧបករណ៍សម្រាប់កាច់សោ.កម៉ូតូ ព្រមទាំងសម្ភារៈពាក់ព័ន្ធទៅនឹងមធ្យោបាយធ្វើសកម្មភាពលួចមួយចំនួនទៀតផងដែរ ។

បន្ទាប់មកជនសង្ស័យទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរង់ចាំកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព