បណ្តាញសង្គម

អគ្គីភ័យ លេបត្របាក់ ផ្ទះមួយខ្នង រាបដល់ដី នៅស្រុកបាធាយ ខេត្តកំពង់ចាម

កំពង់ចាម៖ ផ្ទះមួយខ្នងទំហំ ៨ ម៉ែត្រគុណ ១២ម៉ែត្រ ជញ្ជាំងបេតុង ប្រក់ក្បឿង ត្រូវភ្លើងឆេះ រាបដល់ដី បំផ្លាញទ្រព្យសម្បត្តិ ទាំងស្រុង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ចំណុចភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោក វរៈសេនីយ៍ត្រី សំ ណាល់ អធិការដ្ឋាននគរបាល ស្រុកបាធាយ បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ យិន សារ៉ាត រស់នៅ ភូមិកើតហេតុខាងលើ គឺបណ្តាលមកពីទុស្សេ ចរន្តអគ្គិសនី ជាហេតុធ្វើឲ្យអណ្តាតភ្លើង ឆាបឆេះបំផ្លាញ ទ្រព្យសម្បត្តិទាំងស្រុង ខណៈពេល កំពុងឆេះ មានសមត្ថកិច្ច អធិការដ្ឋាននគរបាល ស្រុកបាធាយ កម្លាំងអគ្គីភ័យរបស់ ស្នងការខេត្ត និងកម្លាំងប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ ពន្លត់ទប់ស្កាត់ អណ្តាតភ្លើង មិនឲ្យឆេះរាលដាល បន្តដល់ផ្ទះអ្នកជិតខាងផងដែរ ។

លោកអធិការ បានបន្តទៀតថា ដើម្បីទប់ស្កាត់ អណ្តាតភ្លើង មិនឲ្យឆេះរាលដាលបន្ត ទៅផ្ទះអ្នកជិតខាងនោះ ក្រុមពន្លត់អគ្គីភ័យ របស់ស្នងការខេត្ត បានបញ្ជូនរថយន្ត ចំនួន២គ្រឿងបាញ់ពន្លត់ ទាន់ពេលវេលា ដោយប្រើទឹកបាញ់ អស់ចំនួន៥រថយន្ត ទើបគ្រប់គ្រង ស្ថានការនេះបាន ។

ហេតុការណ៍នេះ មិនបណ្តាលឲ្យ ប៉ះពាល់ដល់ អាយុជីវិតមនុស្សឡើយ រីឯទ្រព្យសម្បត្តិម្ចាស់ផ្ទះ ត្រូវខូចខាត អស់ទាំងស្រុង តែមិនទាន់សរុប នៅឡើយទេ ដោយម្ចាស់ផ្ទះ គាត់ភ័យរន្ធត់ពេក មិនអាចធ្វើការបំភ្លឺបានទេ ៕