បណ្តាញសង្គម

មិនធម្មតាទេ! ជិះម៉ូតូធ្វើសកម្មភាព បែរ​ជា​អស់លក្ខណ៍ត្រឹម​ម្ចាស់​ជិះកង់​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីជនសង្ស័យម្នាក់ឆក់ទូរស័ព្ទដៃរបស់បុរសបរទេសម្នាក់នៅចំណុចមុខប្រាសាទក្រវ៉ាន់ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ប៉ុន្តែត្រូវបុរសជាជនបរទេសនោះជិះកង់ដេញតាមចាប់បានរួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចភ្លាមៗផងដែរ ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះ ទុន ទុយ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាចុងភៅ (កូនកាំបិត) នៅភោជនីយដ្ឋានមេបុណ្យ មានស្រុកកំណើតនៅភូមិស្គារ ឃុំព្រៃឈរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

ចំណែកជនរងគ្រោះឈ្មោះ PHICIP MERRET JON ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិអង់គ្លេស និងជាភ្ញៀវទេសចរចូលមកស្នាក់នៅសណ្ឋាគារអង្គរហូលីដេ ក្រុងសៀមរាប ។

សេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុ ជនបរទេសរងគ្រោះខាងលើបានធ្វើដំណើរពីទិសខាងត្បូងទៅជើង ដោយមធ្យោបាយជិះកង់១គ្រឿង ។

លុះដល់ចំណុចកើតហេតុ ស្រាប់មានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងម៉ាកធូដេ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពីក្នុងហោប៉ៅខោ គឺទូរស័ព្ទម៉ាក iphone 10XR ។

តាមសេចក្តីរាយការណ៍បានបន្តថា ក្រោយពីជនសង្ស័យឆក់ទូរស័ព្ទនោះរួចហើយ បានព្យាយាមជិះម៉ូតូគេចខ្លួនដែរ ប៉ុន្តែត្រូវជនរងគ្រោះជិះកង់ដេញតាម និងចាប់បានភ្លាម ៗ រួចនាំយកទៅប្រគល់ឲ្យសមត្ថកិច្ចនាំទៅចាត់ការតាមផ្លូវច្បាប់ ។

ប៉ុន្តែអ្វីដែលគួឲ្យកត់សម្គាល់នោះគឺត្រង់ថា ជនសង្ស័យជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះកំពុងជិះកង់ ហើយត្រូវជនរងគ្រោះជិះកង់ដេញតាម រហូតដល់ចាប់បានរួចយកមកប្រគល់ឲ្យសមត្ថកិច្ចនោះ មិនធម្មតាទេ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យក៏ឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព