បណ្តាញសង្គម

ក្រុម​ចោរ​កាច់​សោ​.​ក​ម៉ូតូ​កាន់តែ​កក្រើក និង​វាយលុក​តាម​សាលារៀន

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្រុមចោរកាច់សោ.កលួចយកម៉ូតូនៅតាមទីសាធារណៈ ឬនៅតាមកន្លែងធ្វើការងារ និងនៅតាមសាលារៀន ហាក់កំពុងបង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មិនថា នៅតាមបណ្ដាស្រុកនានា ឬ នៅក្នុងក្រុងបាត់ដំបង។

នេះបើតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ច តែបទល្មើសខ្លះត្រូវបានមន្ត្រីមូលដ្ឋាន ព្យាយាមបិទបាំងយ៉ាងស្ងាត់ជ្រៀប។ជាក់ស្ដែង នៅវម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ជនមិនស្គាល់មុខបានធ្វើសកម្មភាពកាច់សោរកលួចយកម៉ូតូសិស្សសាលាចំនួន២គ្រឿងក្នុងពេលតែមួយ ដែលទុកនៅក្បែររបងវិទ្យាល័យ នេតយ៉ង់ ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង រួចជិះគេចខ្លួនដោយសុវត្ថិភាព តែបានបន្សល់ទុកនូវសកម្មភាពពួកចោរនេះ នៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅតាមផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលត្រូវចោរលួចទាំង២គ្រឿងនោះ គឺមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF.0078 របស់ជនរងគ្រោះឈ្មោះអ៊ូ ចាន់ណា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិវត្តតាមិម ឃុំអូរដំបង ស្រុកសង្កែ និងមួយគ្រឿងទៀត ម៉ាក និងស៊េរីឆ្នាំដូចគ្នា តែមិនទាន់មានស្លាកលេខ ជារបស់ជនរងគ្រោះឈ្មោះ បេង វឌ្ឍនា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិ*ឃុំជាមួយជនរងគ្រោះខាងលើ។

បើតាមសមត្ថកិច្ចដែលស្រង់សំដីជនរងគ្រោះថា ពួកគេជាយុវសិស្សរៀននៅវិទ្យាល័យនេតយ៉ង។ យុវសិស្សទាំង២នាក់នេះបានជិះម៉ូតូទៅទុកនៅក្បែររបង តែនៅខាងក្រៅនៃវិទ្យាល័យ រួចនាំគ្នាចូលទៅប្រឡង។

លុះចប់ម៉ោងចេញមកវិញ ក៏បាត់ម៉ូតូទាំង២គ្រឿងនោះ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីសាកសួរមន្ត្រីជំនាញ បានឆែកពិនិត្យមើលកាម៉េរ៉ាសុវត្ថិភាពនៅតាមផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ក៏ឃើញជនដៃដល់ចំនួន២នាក់ ធ្វើសកម្មភាពព្រមគ្នាកាច់សោ.កលួចយកម៉ូតូទាំង២គ្រឿងនោះ តែគេមិនទាន់ហ៊ានធ្វើការសន្និដ្ឋានបែបណានៅឡើយទេ។ សូមបញ្ជាក់ថា បើតាមប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា គ្រាន់តែក្នុងរយៈជិតមួយសប្ដាហ៍កន្លងទៅថ្មីៗនេះ អំពើចោរកម្មកាច់សោលួចយកម៉ូតូបានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យពលរដ្ឋបាត់បង់ម៉ូតូយ៉ាងតិចចំនួន៦គ្រឿង ។

បើទោះជាកម្លាំងការិយាល័យជំនាញ បង្ក្រាប និងចាប់ខ្លួនបានក្រុមចោរកាច់សោលួចម៉ូតូនេះ បានចំនួន២នាក់ កាលពីជាងមួយសប្ដាហ៏មុននេះក្ដី។

មន្ត្រីជំនាញបាននិយាយថា មុខសញ្ញាជនសង្ស័យដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងកក្រើកនាពេលនេះ បើតាមការស្រាវជ្រាវ គឺមានទាំងមុខសញ្ញាចាស់ដែលធ្លាប់ជាប់គុកកន្លងមក និងមានទាំងមុខសញ្ញាថ្មីដែលមកពីតាមបណ្ដាខេត្តផ្សេងៗ ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៏ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ដោយទទូលស្គាល់ថា មួយរយៈកន្លងទៅនេះ ក្រុមចោរហាក់បានសម្រុកប្រព្រឹត្តបទល្មើស «កាច់សោ.កលួចយកម៉ូតូ» នេះយ៉ាងកក្រើកមែន។

ប៉ុន្តែលោកស្នងការរងបានបញ្ជាក់ថា ជនដៃដល់អាចមានបក្សពួកច្រើននាក់ ហើយពួកគេអាចដឹកជញ្ជូនគ្នាដាក់តាមគោលដៅ ដើម្បីធ្វើសកម្មភាពទៀតផង។ ពេលនេះ មន្ត្រីជំនាញ បាននិងកំពុងពិនិត្យមើលភិនភាគ ជនសង្ស័យដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព