បណ្តាញសង្គម

ឃាត់ខ្លួនជនជាតិថៃម្នាក់ ខណៈធ្វើសកម្មភាព​ល្មើសច្បាប់ក្នុងក្រុងប៉ោយប៉ែត​

ខេត្តបន្ទាយមានជ័យ ៖ បុរសជាជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់កាលពីវេលាម៉ោង៤និង២៥នាទីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យឈ្មោះ និត ចំប៉ាលឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិថៃ មុខរបរមិនពិតប្រាកដ មកស្នាក់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ហើយបានធ្វើសកម្មភាពលក់ចែកចាយនូវសារធាតុញៀនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ស្រាវជ្រាវដោយយកចិត្តទុកដាក់និងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួន ។

លោកអធិការបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីខាងលើនេះ កម្លាំងនគរបាលបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្សៅពណ៌សក្រាមចំនួន៧ថង់តូច ដែលជនសង្ស័យលាក់ទុកសម្រាប់ចែកចាយ ។

ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តទទួលបានជោគជ័យនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែឲ្យកម្លាំងនគរបាលក្រុង-ស្រុក និងវរសេនាតូចការពារព្រមដែនគោក ត្រូវធ្វើការស៊ើបអង្កេតស្រាវជ្រាវនូវបទល្មើសគ្រឿងញៀន ចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំឲ្យដូចជាភ្លៀងរលឹម ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញកម្លាំងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព