បណ្តាញសង្គម

ប្អូនថ្លៃប្រល័យជីវិតបងថ្លៃស្រី​ក្រោមផ្ទះ ក្រោយសាច់ញាតិចេញទៅរកថ្នាំអស់​

ខេត្តកំពង់ធំ ៖ បុរសម្នាក់ទើបត្រឡប់មកពីធ្វើការនៅភ្នំពេញមានអាការមិនប្រក្រតីសង្ស័យបែកថ្នាំ ខណៈបងថ្លៃស្រីកំពុងតែដេកលក់នៅក្រោមផ្ទះ ស្រាប់តែជនសង្ស័យយកចបមកកាប់ បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតតែម្តង ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ស្ត្រីរងគ្រោះជាបងថ្លៃឈ្មោះជា សុផល ភេទស្រី អាយុ៤១ឆ្នាំ មានប្តីឈ្មោះ សយ ស៊ីន អាយុ៤៣ឆ្នាំ មានកូនចំនួន៤នាក់នៅក្នុងបន្ទុក ។

គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនសង្ស័យឈ្មោះ សយ សួ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃ របស់ស្ត្រីរងគ្រោះ និងរស់នៅជាមួយគ្នា ។

យោងតាមការបំភ្លឺពីប្តីរបស់ស្ត្រីរងគ្រោះ និងត្រូវជាបងបង្កើតរបស់ជនសង្ស័យបានបញ្ជាក់ថា ប្អូន(ជនសង្ស័យ)របស់គាត់ ទើបតែត្រឡប់មកពីភ្នំពេញបាន៤ទៅ៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីត្រឡប់មកដល់ផ្ទះ គឺប្អូនប្រុសរបស់គាត់មានអាការៈមិនប្រក្រតី និយាយមិនសូវដឹងខុសដឹងត្រូវនោះទេ ហើយចេះតែដើរបាត់ៗមិនចូលផ្ទះ។

តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គាត់បានឌុបឪពុកទៅរកថ្នាំនៅម្តុំវត្តប្រាសាទអណ្តែតដើម្បីយកមកឲ្យប្អូនប្រុស(ជនសង្ស័យ)ផឹក ដែលមានចម្ងាយប្រហែលជា៣គីឡូម៉ែត្រពីផ្ទះ ហើយមុននឹងគាត់ ព្រមទាំងឪពុកចេញទៅរកថ្នាំនោះ គឺប្រពន្ធរបស់គាត់ កំពុងតែដេកនៅក្រោមផ្ទះ លុះពេលគាត់និងឪពុកត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញប្រពន្ធបានបាត់បង់ជីវិតនៅលើគ្រែក្រោមផ្ទះបាត់ទៅហើយ ដោយមានស្នាមបែកលើក្បាលជាច្រើនកន្លែង បន្ទាប់មកគាត់ក៏រាយការណ៍ទៅអាជ្ញាធរដើម្បីឱ្យចុះមកពិនិត្យ ។

ពេលទទួលព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញខេត្តនិងស្រុក ព្រមទាំងគ្រូពេទ្យមណ្ឌលសុខភាពបានចុះដល់ទីកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ រកឃើញថា ជនរងគ្រោះមានស្នាមរបួសជាច្រើនកន្លែងនៅលើក្បាល និងលើផ្ទៃមុខ រួមជាមួយនឹងវត្ថុតាង ចបកាប់ដីចំនួន១ដែលប្រឡាក់ដោយឈាម ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារជនសង្ស័យយកចបមកកាប់ ហើយជនសង្ស័យមានសតិមិនប្រក្រតី មកពីមានសារធាតុញៀន (បែកថ្នាំ) ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅកាន់អធិការរដ្ឋាន នគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព