បណ្តាញសង្គម

ជិះ​ទៅ​ផ្ទះ តែ​ច្រឡំ​ផ្លូវ ក៏​ជួប​ក្រុម​ចោរ​​វាយ​ធ្លាក់​​ពីលើ​ម៉ូតូ រួច​ដក​កាំភ្លើង

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរី០១៨ មួយគ្រឿង ចេញពីផឹកស៊ីនៅផ្ទះបងប្អូនត្រឡប់ទៅផ្ទះខ្លួនវិញ បែរជាជិះច្រឡំផ្លូវ ក៏ទៅជួបនឹងក្រុមចោរធ្វើសមកម្មភាពដកកាំភ្លើងខ្យល់វាយប្លន់យកម៉ូតូ រួចជិះរត់គេចខ្លួនបាត់ស្រមោល បណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាលឈាមហូរស្រោចខ្លួន បង្កឱ្យកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចច្រកចូលវត្តបារមីវង្គតបុរី តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ភឹន ស៊ីណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ តាមប្រភពពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ បន្ទាប់ពីចប់ម៉ោងធ្វើការនាពេលល្ងាច ជនរងគ្រោះបានខ្ចីម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ មិនចាំស្លាកលេខ ពីក្មួយប្រុសរបស់ខ្លួន ដើម្បីជិះទៅលេងផ្ទះប្អូននៅម្តុំព្រៃទា ពេលដែលទៅដល់ពួកគាត់ក៏មានការផឹកស៊ីបន្តិចបន្តួចផងដែរ។

បន្ទាប់ពីផឹកស៊ីរួចរាល់ ជនរងគ្រោះក៏ជិះម៉ូតូចេញមកវិញ ដោយបានដឹកប្អូនប្រុសរបស់គាត់ម្នាក់ត្រឡប់ផ្ទះរបស់គេនៅឯផ្សារទឹកថ្លា។

ជនរងគ្រោះបន្តថា លុះពេលជូនប្អូនប្រុសទៅផ្ទះរួច ជនរងគ្រោះក៏ជិះម៉ូតូបន្តដំណើរត្រឡប់ទៅផ្ទះរបស់ខ្លួនតែម្នាក់ឯងនៅឯស្ទឹងមានជ័យ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងពីជើងទៅត្បូងចូលទៅក្នុងវត្តបារមីវង្គតបុរី។

ខណៈពេលទៅដល់ចំណុចកើតហេតុ ក៏ជួបជាមួយនឹងក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក កំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ។ជនរងគ្រោះបន្តទៀតថា ពេលនោះ ជនរងគ្រោះក៏ដឹងថា ខ្លួនជិះខុសផ្លូវ ទើបបំរុងជិះបត់ត្រឡប់ទៅក្រោយវិញ ស្រាប់តែក្រុមជនសង្ស័យនោះវាយជនរងគ្រោះ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះបំរុងជិះរត់គេចខ្លួន។

តែភ្លាមនោះ ជនរងគ្រោះក៏ស្ទុះងើបទៅប្រវាយប្រតប់ជាមួយនឹងក្រុមជនសង្ស័យ ហើយក៏មានជនសង្ស័យម្នាក់ដកកាំភ្លើងខ្លីមួយដើមពីចង្កេះភ្ជង់គំរាមបាញ់ជនរងគ្រោះ។

ពេលនោះជនរងគ្រោះក៏ ស្ទុះទៅចាប់កាំភ្លើងរបស់ជនសង្ស័យ និងប្រវាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាលឈាមស្រោចខ្លួនតែម្តង។

ចំណែកឯជនសង្ស័យក៏ជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកបង់កាំភ្លើងខ្លីមួយដើម ដែលជាប្រភេទកាំភ្លើងខ្យល់នៅទីតាំងកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដឹកយកជនរងគ្រោះ រួមទាំងវត្ថុតាំងរបស់ជនសង្ស័យទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើសាកសួរ និងដាក់ពាក្យបណ្ដឹងជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព