បណ្តាញសង្គម

បុរសជាសង្សារ ត្រូវស្លាប់ ខាងស្រី រងរបួសធ្ងន់ ខណៈម៉ូតូពួកគេ ត្រូវរថយន្តបុក

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ឯនារីជាសង្សារ បានរងរបួសធ្ងន់ ខណៈដែលម៉ូតូ របស់ពួកគេ ត្រូវបានរថយន្ត មួយគ្រឿង បុកយ៉ាងពេញទំហឹង នៅម៉ោងប្រមាណ ១២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ នៅ ចំណុចមុខ ស្តុបជលផល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

មន្រ្តីនគរបាល បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ វ៉ា រដ្ឋា អាយុ២១ ឆ្នាំ មុខរបរ ជាជាងសំណង់ មាន ស្រុកកំណើតនៅ ភូមិ ត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយបច្ចុប្បន្ននេះ ស្នាក់នៅក្រុមតាខ្មៅ ចំណែកឯនារីរងគ្រោះ នៅមិនបានបញ្ជាក់ អត្តសញ្ញាណនោះទេ ។

អ្នកដំណើរ ដែលឆ្លងកាត់កន្លែង កើតហេតុបានឲ្យដឹងថា នៅម៉ោងប្រមាណ ១២ កណ្តាលអាធ្រាត្រនេះ គូរស្នេហ៍មួយគូនេះ បានជិះ ម៉ូតូអាយខុន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1AH-9951 ឌុបគ្នា តាម ផ្លូវព្រះនរោត្តម ពីត្បូងទៅជើង លុះមកដល់ស្តុបជលផល រថយន្តមួយគ្រឿងមិនចាំម៉ាក បានបើកពីផ្លូវម៉ៅសេទុង បុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដួល អ្នកបើកម៉ូតូ ត្រូវបោកក្បាល នឹងថ្នល់ ធ្លាយខួរ ស្លាប់ភ្លាមៗ ឯនារីជិះពីក្រោយ បោកក្បាល នឹងថ្នល់ដូចគ្នា រងរបួសធ្ងន់ ។

ដោយឡែក រថយន្តបង្កនោះ បានជិះរត់គេចខ្លួនបាត់តែម្តង ។ បន្ទាប់ពីត្រួតពិនិត្យ កន្លែងកើតហេតុរួចមក កម្លាំងជំនាញ បានយក ម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាន នគរ បាលខណ្ឌចំការមន ដើម្បីរង់ចាំ ក្រុមគ្រួសារសាច់ញាតិ មកដាក់ពាក្យបណ្តឹង និងចាត់ការ តាមនីតិវិធី៕

ដកស្រង់ពី៖ ដើមអម្ពិល